បើប្រៀបធៀបនឹងកាលពី១០ឆ្នាំមុន ឯកឧត្តម ស្រី វុទ្ធី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃនេះថា កម្លាំងពលកម្មក្នុងវិស័យកសិកម្ម បានធ្លាក់ចុះពី៥០ភាគរយ មកនៅត្រឹមតែ៣០ទៅ៣៥ភាគរយប៉ុណ្ណោះ។ បើតាមមន្រ្តីដដែល ការធ្លាក់ចុះនេះនឹងបន្តរហូតដល់ត្រឹម២០ឬ២៥ភាគរយនៅឆ្នាំ២០៣០។

មូលហេតុនៃការធ្លាក់ចុះនេះ ត្រូវបានឯកឧត្តម ស្រី​ វុទ្ធី អះអាងថាដោយសារវិស័យសេវាកម្ម បានស្រូបយកកម្លាំងពលកម្មពីវិស័យកសិកម្មកាន់តែច្រើន និងអះអាងថាប្រឈមមុខនឹងបញ្ហានេះ កសិករបានពឹងទៅលើសេវាជួលគ្រឿងយន្តភ្ជួរ រាស់ និងច្រូតកាត់ ខណៈរាជរដ្ឋាភិបាលកំពុងពង្រឹងវិស័យនេះតាមរយៈការជំរុញការធ្វើទំនើបកម្មវិស័យកសិកម្ម រួមទាំងការបណ្ដុះបណ្ដាលធនធានវ័យក្មេង។

ឯកឧត្តមបានលើកឡើងតថា«ឧទាហរណ៍ដូចថា និស្សិតរបស់យើងនៅសាលាចំការដូង យើងបានបញ្ជូនទៅរៀនសូត្រផ្ទាល់នៅកសិដ្ឋានប្រទេសឥស្រាអ៊ែល មួយឆ្នាំ​ឬពីរឆ្នាំនៅទីនោះហើយគាត់បានស្រូបយកចំណេះដឹងពីទីនោះមក ហើយអ្នកមកវិញ គាត់បានដាក់ទុនវិនិយោគ​ដើម្បីចាប់ផ្ដើមជំនាញចំណេះជាអ្នកកសិកម្មវ័យក្មេង និងប្រើបច្ចេកវិទ្យាទំនើប ហើយនិន្នាការបែបនេះនឹងបន្តដុះដាលឡើងៗថែមទៀត»។

មន្រ្តីជាន់ខ្ពស់រូបនេះ ហាក់មានជំនឿចិត្តចំពោះនិន្នាការនៃការប្រាស់វិធីសាស្ត្រថ្មីៗដើម្បីជំនួសកម្លាំងពលកម្មដែលថយចុះ ដោយអះអាងទៀតថា «ទៅមុខទៀត គាត់នឹងអាចពង្រីកកសិកម្មរបៀបទំនើបនេះកាន់តែច្រើន អ៊ីចឹងកម្លាំងពលកម្មមិនមានច្រើនទេ តែពួកគេនឹងមានជំនាញខ្ពស់ដើម្បីគ្រប់គ្រង និងប្រើប្រាស់ម៉ាស៊ីន ដ្រូន ទូរសព្ទឆ្លាតវ័យជាដើម។ អ៊ីចឹងអ្នកវ័យក្មេងទាល់តែអស្ចារ្យអ៊ីចឹងបានគាត់ធ្វើ»៕

Share.