អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ២នាក់ និង របួស ២នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារជាបន្ដបន្ទាប់នៅជិតទីក្រុង Vancouver កាលពីព្រឹកថ្ងៃ ច័ន្ទ (ម៉ោងក្នុងស្រុក)។

ប៉ូលីសបានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះកើតឡើងនៅតំបន់ Langley ស្ថិតនៅជាយទីក្រុង Vancouver បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងនោះមានខ្មាន់កាំភ្លើងម្នាក់ត្រូវប៉ូលីសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ និង ស្រ្តីម្នាក់ទៀតរងរបួស។

របាយការណ៍របស់ប៉ូលីសមុននេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានកំណត់គោលដៅលើជនអនាថា ប៉ុន្ដែមិនមានការបញ្ជាក់ណាមួយពីអាជ្ញាធរតំបន់ Langley នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងបន្ដ។

សូមជម្រាបថា ឧក្រិដ្ឋកម្មហឹង្សាទាក់ទាងនឹងអាវុធមានចំនួនតិចជាង ៣ភាគរយនៃឧក្រិដ្ឋកម្មហឹង្សាទាំងអស់នៅក្នុងប្រទេសកាណាដា ប៉ុន្ដែចាប់តាំងពីឆ្នាំ ២០០៩មក អត្រាកាន់កាប់អាវុធប្រើសម្រាប់បាញ់សម្លាប់ និង របួស បានកើនឡើងចំនួន ៥ដង។

បន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានប្រកាសពីការបង្កកនូវកម្មសិទ្ធិកាន់កាប់អាវុធ ដែលនឹងហាមឃាត់ការនាំចូល និង លក់អាវុធ សូម្បីតែសម្រាប់ក្មេងលេងក៏ត្រូវហាមឃាត់ ដើម្បីធានាសុវត្ថិភាព៕

ប្រភព៖ NDTV

Share.