ក្រសួងសាធារណការនិងដឹកជញ្ជូន បានជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្ដរការណ៍ចំពោះបទល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស។ ទន្ទឹមនឹងនេះ ក្រសួងក៏បានប្រាប់​ឲ្យ​អ្នកបើកបរយានជំនិះ​ត្រូវ​ដាក់បណ្ណបើកបរ​ច្បាប់ដើម​តាមខ្លួន ដើម្បីឲ្យ​នគរបាល​ងាយស្រួល​នៅក្នុងការ​ត្រួតពិនិត្យ​ នៅពេល​មាន​បទល្មើស​ផ្សេងៗ។

នៅក្នុងសេចក្ដីជូនដំណឹងចុះកាលបរិច្ឆេតថ្ងៃទី៩ សីហា ២០២២ បានឲ្យដឹងថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្ដរការណ៍ចំពោះបទល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស គឺក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្ដឹងកអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាតម្លាភាព​ក្នុងការពិន័យចំពោះអំពើល្មើសនឹងច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក។

តើនីតិវិធីនៃការដកពិន្ទុនេះ ធ្វើយ៉ាងដូចម្ដេចខ្លះ ហើយចាប់ផ្ដើមនៅពេលណា? តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ចំនួន​៣ចំណុច គឺ៖

១. កម្មវិធីដកបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការ​អនុវត្តសាកល្បង​នៅទូទាំងប្រទេស​ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ២០២២នេះតទៅ ហើយនឹងដំណើរការអនុវត្ត​ពេញលេញ​នៅថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២។​

២.​ការដកពិន្ទុ​បណ្ណបើកបរ និងការពិន័យ​អន្ដរការណ៍​ចំពោះ​អំពើល្មើស​ស្ដីពី​ចរាចរណ៍ផ្លូវគោក​ត្រូវបាន​អនុវត្ត​ដោយ​ឧបករណ៍​​បច្ចេកទេស​ ដើម្បីកត្រា​ព័ត៌មាន​រក្សា​ទុក​ក្នុងប្រព័ន្ធ។ ដូចនេះ​សូមអ្នកបើកបរ​យានយន្ដ​គ្រប់រូប​យក​តាមខ្លួន​នូវ​បណ្ណបើកបរ​យានយន្ដ​ (ច្បាប់ដើម) ដើម្បីផ្ដល់ជូន​សមត្ថកិច្ច​ត្រួតពិនិត្យ​ និង​អនុវត្ត​ការ​ដក​ពិន្ទុ​ ក្នុងករណី​មានការប្រព្រឹត្តិ​ល្មើស​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

៣.​ការបង់ប្រាក់​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​ស្ដីពី​ចរាចរណ៍ផ្លូវគោក​ អាចបង់ប្រាក់​នៅតាម​បញ្ជរ​ទ្រូម៉ាន់នី​ ឫតាមប្រព័ន្ធស្វ័យប្រវត្តិ​កម្ម​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី បន្ថែម​លើការបង់ប្រាក់​ដោយផ្ទាល់​នៅស្នាក់ការ​នគរបាល​ចរាចរណ៍ផ្លូវគោក។​

Share.