យោង​តាម​សារព័ត៌មាន​ Yonhap កំពូល​តារា​សម្ដែង​និង​តារា​កូរ៉េ​ជា​ច្រើន​រូប​បាន​ចូលរួម​បរិច្ចាគ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១៥​នាក់​ និង​មនុស្ស​ជិត​១៦០០​នាក់ត្រូវ​បង្ខំ​ចិត្តភៀសខ្លួន​​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​។ តើ​តារា​រូប​ណា​ខ្លះ​ដែល​បាន​ចេញ​មុខ​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​កូរ៉េ​ដែល​កំពុង​តែ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​លើក​នេះ?

តារា​សម្ដែង​រូប​សង្ហា​ដែល​ប្រិយមិត្ត​កម្ពុជានិង​គាំទ្រ​តាម​រយៈ​រឿង​ភាគ​កូរ៉េ​ «Itaewon Class» និង «What’s wrong with secretary Kim» បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​១០០​លាន​វ៉ុន (​US$ ៨៣,៩២៧) ទៅដល់មូលនិធិ​សម្រាល​គ្រោះ​អាសន្ន​នៃ​​សមាគម​សម្រាល​គ្រោះ​មហន្តរាយកូរ៉េ។

Park seo-joon

ចំណែក​កពូល​តារា​កំប្លែង​និង​ពិធីករ​ល្បី Yoo Jae Suk ក៏​បាន​បរិច្ចាគ​ថវិកា​១០០​លានវ៉ុន​ដូច​គ្នា​ដែរ។ សម្រាប់​ប្រុស​ស្អាត​ញញឹម​ស្រស់​ Song Jung Ki តារា​សម្ដែង​រឿង​ «ម្ចាស់​ព្រះ​អាទិត្យ​» និង «Vincenzo» តារា​សម្ដែង​ Yoo In Na តារា​ចម្រៀង​ Jang Yoon Jeong, Kim Jung Kook និង​តារា​ទូរទស្សន៍​ Jang Sung Kyu បាន​បរិចា្ចគ​ម្នាក់​៥០​លាន​វ៉ុន​ទៅ​កាន់​មូលនិធិ​ខាង​លើ​នេះ​ដូច​គ្នា​។

មក​ដល់​ពេល​នេះ​របាយ​ការណ៍​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ឯកជន​និង​សាធារណៈ​បាន​បន្ត​កើន​ឡើង​ជា​លំដាប់​សរុប​សម្បត្តិ​សាធារណៈ​និង​ឯកជនដែល​រង​ផល​ខូចខាត​ទូទាំង​ប្រទេស​មាន​រហូត​ដល់​ ៤២៨១​កន្លែង​។ ផ្ទះ​របស់​ប្រជាជន​ចំនួន​១៣០០​ខ្នង ព្រម​ទាំង​ឃ្លាំង​ ក៏​ដូច​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​សរុប​៧០៥កន្លែង​ក័៏​​ត្រូវ​លេប​ត្របាក់​ឬ​កប់​ក្រោម​គំនរ​ភក់ដែរ។​ ចំណែក​កំនើន​អ្នក​ស្លាប់​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​នឹង​អាច​កើន​ឡើង​ព្រោះ​នៅ​មាន​មនុស្ស​១១​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​ដោយ​សារ​ទឹក​ជំនន់​គួច​ផាត់​និង​រអិល​បាក់​ដី​។

បើយោងតាមសារព័ត៌មាន​ Koreaboo បាន​ឱ្យ​ដឹង​ថា​ក្រៅ​ពី​កំពូល​តារា​ខាង​លើនេះ​ហើយ​ សូម្បី​តែ​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​ចំពោះ​ Idol  ជា​តារា​រ៉េ​បាន​ចេញ​មក​ចូលរួម​ឧបត្ថម្ភ​ប្រាក់​ដោយ​ប្រើ​ឈ្មោះ​តារា​ដែល​ខ្លួន​គាំទ្រ​​ផង​ដែរ​ ក្នុង​នោះ​ក្រុម​អ្នក​គាំទ្រ​របស់​ Jimin សមាជិក​ BTS ដែល​មាន​ឈ្មោះ​ថា​ Adelio បាន​ឧបត្ថម្ភ​ទៅ​មូល​និធិ​សម្រាល​គ្រោះ​មហន្តរាយ​ជាតិ​ស្ពាន​នៃ​ក្ដី​សង្ឃឹម​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​។ «ពួក​ខ្ញុំ​បាន​បរិច្ចាគ​ជួយ​ដល់​អ្នក​ដែល​កំពុង​តែ​រងគ្រោះ​ដ៏​ច្រើន​ដោយ​សារ​តែ​ទឹក​ជំនន់​តាម​រយៈ​ឈ្មោះ​របស់​ Jimin។ ពួក​ខ្ញុំ​សង្ឃឹម​ថា​អាច​ជួយ​បាន​ខ្លះ​ទោះ​ជាមាន​ចំនួន​តិច​តួច​ក្ដី​ ហើយ​ពួក​ខ្ញុំ​ក៏​សង្ឃឹម​ថា​ទឹក​ភ្លៀង​នឹង​ឆាប់​រាំង​ ដើម្បី​ទប់​ស្កាត់​ការ​ខូចខាត​ផ្សេងៗ​ទៀត​។ ក្រុម​អ្នក​គាំទ្រ​របស់​ Jimin មួយ​ផ្នែក​ទៀត​ដែល​មាន​ឈ្មោះ​ថា​ MYJIMINE បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​សម្រាល​គ្រោះ​មហន្តរាយ​ដូច​គ្នា​ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា​ «ពួក​ខ្ញុំ​បាន​បរិច្ចាគ​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​របស់​ Jimin។ ទោះ​ជា​ចំនួនមួយ​​តិច ​ក្ដី​ តែ​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ជួយ​បាន​ខ្លះ​​ ហើយ​ពួក​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​លើក​ក្រោយ​នឹង​អាច​បរិច្ចាគ​កាន់​តែ​ច្រើន​ជាង​នេះ​។

Jimin

ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​ដែល​បង្ក​ឱ្យ​កើត​មាន​គ្រោះ​មហន្តរាយ​​ក្នុងរយៈ​ពេល​ជាង​៨០​ឆ្នាំ​​ប្រទេស​កូរ៉េ​នេះ​បាន​កើត​ឡើង​កាល​ពីយប់​ថ្ងៃ​អាទិត្យទី៧​ឈាន​ចូល​ថ្ងៃ​ច័ន្ទ​៨ ខែ​សីហា ឆ្នាំ​២០២២៕

Share.