ភ្នំពេញ៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាត កម្ម យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួស។

ជនសង្ស័យមានឈ្មោះ ធី ឡាយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងដែក (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ឆេង សារ៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរសន្តិសុខបុរីប៊ូអាវ។

តាមប្រពភព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៤ម៉២០នាទីទៀតភ្លឺ ខណៈ ជនរងគ្រោះ កំពុងអង្គុយយាមនៅចំណុចបុរីប៊ូអាវ ភូមិដំណាក់ធំ២ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែបានយកឆ្នាំងសាកថ្មទូរស័ព្ទមកបញ្ចាំឲ្យជនរងគ្រោះ តែជនរងគ្រោះមិនទទួលបញ្ចាំនោះទេ ហើយក៏បានដេញជនសង្ស័យចេញទៀតផង ពេលនោះជនសង្ស័យបានដើរត្រឡប់ទៅផ្ទះរបស់គេវិញ មួយសន្ទុះក្រោយមកជនសង្ស័យបានយកកាំបិតបុ័ងតោ ០១ដើម មកកាប់លើជនរងគ្រោះ បណ្ដាលឲ្យរបួសរយះច្រមុះចេញឈាម, រយះស្លឹកត្រចៀកខាងឆ្វេង, រយះចិញ្ចើមខាងឆ្វេង និងរយះកខាងឆ្វេងចេញឈាម រួចជនសង្ស័យរត់គេចខ្លួនបាត់ ។

រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០ៈ១០នាទី ទើបកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ធី ឡាយ យកមកស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ចតុមុខ

Share.