Bao Qing Tian (Bao Zheng) គឺជាបុគ្គលដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រចិន ជាមន្ត្រីមានកិត្តិយសនាមល្បីផ្នែកយុត្តិធម៌ មាននិស្ស័យត្រង់ទៅត្រង់មក មនុស្សអាក្រក់កោតខ្លាច។ តាមពិតនៅក្នុងប្រវត្តិសាស្ត្រចិន ប៉ាវជីងធៀន ជាមនុស្សមុខសធម្មតា គ្រាន់តែមិនងាយញញឹម តែនៅក្នុងប្រលោមលោក ប៉ាវជីងធៀន ត្រូវបានអ្នកនិពន្ធសរសេរឱ្យមានមុខខ្មៅ និងមានព្រះច័ន្ទមួយចំណិតនៅលើថ្ងាស ដើម្បីឱ្យស៊ីទៅនឹងបុគ្គលិកលក្ខណៈនិងអត្តចរិត ជាពិសេសតំណាងឱ្យនិមិត្តសញ្ញានៃអំពើល្អ ភាពស្មោះត្រង់និងយុត្តិធម៌។
ប៉ាវ ជីងធៀន ត្រូវបានអ្នកជំនាញរបស់ចិនជ្រើសរើសជាកំពូលមនុស្សមួយរូបក្នុងចំណោមមនុស្សមួយរយរូបនៅក្នុងប្រវត្តិសាស្ត្រចិន។ យ៉ាងណាមិញបើនិយាយដល់ភាពយន្តភាគ តុលការមុខដែក ប៉ាវ ជីនធៀន ពិតណាស់ គឺមានភាពល្បីល្បាញ និងមានការនិយមទស្សនាយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកណាម្នាក់ដែលថាមិនធ្លាប់ទស្សនារឿងភាគបែបប្រវត្តិសាស្ត្រដ៏ល្អរបស់ចិនមួយនេះនោះទេ។
និយាយដល់រឿង ប៉ាវ ជីងធៀន តើអ្នកគាំទ្រទាំងអស់មាននៅចាំដែរថាមានរឿងក្ដីចំនួនប៉ុន្មានហើយមានរឿងក្ដីណាដែលល្អនិងគួរឱ្យចង់តាមដានជាងគេ?
ថ្ងៃនេះ សារព័ត៌មានត្រយង សូមដកស្រង់យកមកបង្ហាញជូនរឿងក្ដីចំនួន៥ដ៏ល្អ និងល្បីល្បាញបំផុតនៅក្នុងចំណោមរឿងក្ដីជាច្រើនពីក្នុងភាពយន្តភាគ Justic BAO។

១./ រឿងក្ដីសេះនាគរាជពណ៌ស
រឿងក្ដីនេះ និយាយដល់លោកម្ចាស់ប៉ាវ ក្រោយពីបានត្រួតពិនិត្យរឿងអ្នកទោសប្រហារជីវិតឡើងវិញ លោកម្ចាស់ប៉ាវ មានអារម្មណ៍ថា រឿងក្ដីរបស់ ស៊ុនឈៀងមានភាពមិនប្រក្រតី ដូច្នេះលោកម្ចាស់ប៉ាវក៏បានធ្វើដំណើរទៅឆាងចូវ ដើម្បីស៊ើបសួររឿងក្ដីដោយផ្ទាល់។ នៅតាមផ្លូវធ្វើដំណើរ ចាន់ចាវ បានជួយសង្គ្រោះ ស៊ឺនតៀ រហូតបង្កើតជាសេចក្ដីស្នេហាដ៏ស្មោះសរមួយ។ ខណៈនោះដែរលោកម្ចាស់ប៉ាវបានធ្វើការស៊ើបអង្កេតរឿងក្ដីនេះរហូតបានតម្រុយរឿងពុករលួយក្នុងក្រុមកងទ័ពសេះ ដែលមានស៊ឺនយ៉ាងជាមេទ័ព។ លោកមេទ័ពស៊ឺនយ៉ាងជាមនុស្សម្នាក់ដែលលោកម្ចាស់ប៉ាវធ្លាប់គាំទ្រ និងជាបងប្រុសបង្កើតតែម្នាក់របស់ស៊ឺនតៀ នារីតែម្នាក់ដែលចិនចាវស្រលាញ់។ រឿងក្ដីនេះបានធ្វើឱ្យឆ្មាពិឃាតចិនចាវ កំពូលវិជ្ជាគុនស្រស់ទឹកភ្នែកដូចជាដំណក់ភ្លៀងផងដែរ។

២./ រឿងក្ដីលួចប្ដូរព្រះឱរស
រឿងក្ដីនេះ គឺជាអាថ៌កំបាំងក្នុងព្រះរាជវាំងជិត៣០ឆ្នាំ ដែលត្រូវបានលាតត្រដាង ដូច្នេះលោកម្ចាស់ប៉ាវមិនអាចនៅស្ងៀមបានទេ ព្រោះរឿងក្ដីនេះ ពាក់ព័ន្ធនឹងជាតិកំណើតមុនឡើងសោយរាជ្យរបស់ យិនចុង ហុងតេសម័យបច្ចុប្បន្ន ហេតុនេះក្រុមស៊ើបការរបស់លោកម្ចាស់ប៉ាវ ត្រូវធ្វើការយ៉ាងខ្លាំងដើម្បីស្វែងរកភាពជ្រះស្រឡះឱ្យទាល់តែបាន។ រឿងក្ដីនេះ គឹនៅសម័យកាល ដែលចឺនចុង បិតារបស់ស្ដេចយិនចុងឡើងគ្រងរាជ្យព្រះអង្គពេញព្រះទ័យស្នំចំនួនពីរនាក់គឺ «ស្នំលី» និង «ស្នំលីវ» ស្ត្រីទាំងពីរនេះ មានកូនក្នុងពេលដំណាលគ្នា ហេតុនេះ ស្ដេចចឺនចុង បានមានព្រះបន្ទូលថា ស្នំអង្គណាប្រសូតព្រះរាជបុត្រមុននឹងបានតែងតាំងជាព្រះមហេសី ចំណែកព្រះបុត្រានឹងក្លាយជាព្រះរាជទាយាទ។
ស្នំលីប្រសូតបុត្រមុនហើយបានព្រះបុត្រា ធ្វើឱ្យស្នំឯកលីវ កើតចិត្តច្រណែន ហើយរៀបផែនការលួចប្ដូរព្រះបុត្រា ដោយឱ្យប្រាក់ទៅមហាថ្លឹក គួហួយ ឱ្យយកសត្វឆ្មាមកប្ដូរជាមួយនឹងព្រះបុត្រា ដោយបង្កើតស្ថានការណ៍ថាស្នំឯកលីកើតបានកូនឆ្មា។ ស្ដេចចឺនចុងលង់ជឿហើយមិនព្រមស៊ើបសួររកការពិតអ្វីទាំងអស់ ហើយបញ្ជាឱ្យចាប់ឃុំស្នំឯកលីក្នុងដំណាក់ត្រជាក់ ហើយទីបំផុតស្នំឯកលីបានលួចរត់ចេញពីរាជវាំង។ រាជបុត្ររបស់ស្នំលីរួចរស់ជីវិតព្រោះតែភីលាងរបស់ស្នំឯកលីវមិនដាច់ចិត្តសម្លាប់ក្មេង។ រឿងក្ដីនេះគឺជាក្ដីដ៏ធំមួយដែលលោកម្ចាស់ប៉ាវត្រូវកាត់ក្ដីជនជាប់ចោទដែលមានឋានៈរហូតដល់មហាក្សត្រ។ តើព្រះរាជាមានកំហុសអ្វី? តើអ្នកណាខ្លះរួមដៃគ្នាប្រព្រឹត្តិអំពើអាក្រក់នេះ?

៣./ រឿងក្ដីចៅហ្វាយក្រុងថ្មី
នៅពេលដែលចៅហ្វាយក្រុង តឺងចូវ បានស្លាប់យ៉ាងអាថ៌កំបាំង ព្រះរាជាមានបញ្ជាឱ្យ លោកម្ចាស់ ប៉ាវជីងធៀន ស៊ើបអង្កេតស្វែងរកការពិតរឿងនេះ។ នៅតាមផ្លូវធ្វើដំណើរលោកម្ចាស់ប៉ាវបានជួបជាមួយនឹង ថាំងចឺន ចៅហ្វាយក្រុងថ្មី ដែលជាកូនសិស្សរបស់ ប៉ាវ ជីងធៀន។
នៅពេលដែល ថាំងចឺន បានធ្វើដំណើរមកដល់ក្រុង តឺងចូវ ក៏បានរកឃើញថាមានអំពើទុច្ចរិត ចំណែកឯលោកម្ចាស់ប៉ាវ វិញក៏រកឃើញដែរថាមានលុយកាក់ក្លែងក្លាយជាច្រើនចែកចាយសឹងគ្រប់កន្លែង ដែលផ្ដើមចេញមកពីក្រុងតឺងចូវ ធ្វើឱ្យ លោកម្ចាស់ប៉ាវ ត្រូវលូកដៃចូលទៅស៊ើបរឿងក្ដីនេះដោយខ្លួនឯងទៀតដើម្បីស្វែងរកអ្នកធ្វើខុសមកផ្ដន្ទាទោសតាមច្បាប់។ រឿងក្ដីស្លាប់ចៅហ្វាយក្រុង តឺងចូវ និងរឿងផលិតកាក់ក្លែងក្លាយនេះអាចមានទំនាក់ទំនងគ្នាដែរឬទេ?

៤./ រឿងក្ដីមាសមរណៈ
រឿងក្ដីនេះកើតឡើងនៅពេលដែលលោកម្ចាស់ប៉ាវ បានទទួលព្រះរាជាបញ្ជាឱ្យតំណាងព្រះរាជាទៅចូលរួមថ្ងៃកំណើតរបស់លោកម្ចាស់ ឆៃអង់ ដោយលោកម្ចាស់ឆៃអង់ និង លោកម្ចាស់ប៉ាវ គឺជាមនុស្សស្គាល់និងស្និទ្ធស្នាលគ្នាជាយូរយារណាស់មកហើយ។ មុនធ្វើដំណើរ មានបុរសម្នាក់បានប្ដឹងថាត្រូវមនុស្សចាប់ទៅក្រុងមាស តែគេប្រថុយជីវិតគេចចេញមកបាន។
លោកម្ចាស់ប៉ាវបានទទួលពិនិត្យរឿងក្ដីខាងលើនេះ ព្រោះទីតាំងគឺស្ថិតនៅក្រុងឈិងចូវកន្លែងដែលគាត់ត្រូវធ្វើដំណើរទៅស្រាប់។ ពេលទៅដល់ទីនោះ ទើបដឹងថាមនុស្សក្នុងក្រុងជាច្រើននាក់ត្រូវបានចាប់ដោយអ្នកគ្រប់គ្រង និងកងទ័ព ដោយមានចាងសុង ចៅហ្វាយក្រុងឈិងចូវជាអ្នកបញ្ជា។ ក្នុងខណៈជាមួយគ្នា វ៉ាន់អឺ ក្មួយរបស់សិស្សកុងស៊ុនអឺ បានទទួលបញ្ជាឱ្យធ្វើដំណើរមកជាមួយ ដោយមានគោលដៅគឺព្យាបាលជំងឺបេះដូងរបស់អង់ឆៃអី អ្នកទាំងពីរកើតមានចិត្តស្រលាញ់ចំពោះគ្នា ក្នុងខណៈដែលវ៉ាន់អឺបានដឹងការពិតថាអ្នកដែលនៅពីក្រោយរឿងរ៉ាវទាំងអស់គឺជាគូស្នេហ៍របស់ខ្លួន

៥./ រឿងក្ដីប្រហារជីវិតព្រះធីតុបតី (រាជធីតុបតី)
រឿងក្ដីនេះនិយាយពី ឈិន ស៊ឺម៉ឺយបានរៀបការជាមួយនឹងព្រះនាងរហូតត្រូវបានតែងតាំងជាព្រះធីតុបតី។ នៅពេលប្រពន្ធរបស់គេឈ្មោះ ឈិនសៀងបានដឹងដំណឹងនេះ បាននាំកូនប្រុសស្រីមកជួបជាមួយនឹងឪពុក តែបែរជាទទួលរងនូវការបដិសេធ ដូច្នេះ ឈិន សៀងលាន បាននាំកូនទៅប្ដឹងស្វែងរកយុត្តិធម៌នៅសំណាក់ខៃហ្វុង។ នៅពេលលោកម្ចាស់ប៉ាវដឹងរឿង ទើបសុំឱ្យលោកម្ចាស់ ឆឺនឈុនមកបញ្ជាក់អត្តសញ្ញាណរបស់ ឈិន ស៊ឺម៉ឹយ តែបែរជាត្រូវ វ៉ឺយមីង មហាថ្លឹកជំនិតរបស់ព្រះនាងទិញក្បាលហើយចុងក្រោយ ក៏ត្រូវសម្លាប់បំបិទមាត់។ នៅពេល ឈិន សៀងលាន បានជួបមុខប្ដីរបស់ខ្លួនគឺ ឈិន ស៊ឺមឺយ នាងបែរជាមិនទទួលស្គាល់ថាគេគឺជាប្ដីព្រោះបារម្ភខ្លាចប្ដីត្រូវប្រហារជីវិត តែនៅពេលត្រលប់មកផ្ទះវិញនាងបែរជាត្រូវឃាតកតាមសម្លាប់តែសំណាងល្អ នាងបែរជាមិនស្លាប់។ ក្រោយរួចរស់ជីវិតនាងបានត្រលប់ទៅសំណាក់ខៃហ្វុងម្ដងទៀត ដើម្បីប្ដឹងចាប់ ឈិន ស៊ឺមឺយ យកមកផ្ដន្ទាទោសតាមច្បាប់។
យ៉ាងដែរប្រិយមិត្ត ក្រៅពីរឿងក្ដីដ៏ល្បីទាំង៥នេះ មាននៅចងចាំរឿងក្ដីអ្វីដែរទេ? អាច Comment ឱ្យសារព័ត៌មានត្រយងញូវស៍បានដឹងផង។