មហាជនគ្រប់គ្នាធ្លាប់តែបានឃើញលោក ព្រហ្មម៉ាញ ជាអ្នកចម្រៀងអាយៃដ៏មានឈ្មោះល្បីប្រចាំប្រទេសកម្ពុជា ក៏ប៉ុន្តែការបញ្ចេញសមត្ថភាពលើផ្នែកសិល្បៈសម្ដែង ពុំសូវមានអ្នកដឹងនោះទេ។ ថ្មីៗនេះ លោកបានបង្ហាញស្នាដៃថ្មីមួយ តាមរយៈផលិតកម្មកងចក្រ ដែលសហការជាមួយផលិតកម្មដើមត្នោត ក្នុងការសម្ដែងភាពយន្តខ្នាតធំរឿង «លោកគ្រូ ប្រពន្ធល្អ»។

ក្នុងនោះដែរ តាមការជូនដំណឹងរបស់ផលិតកម្មកងចក្រ បានរៀបរាប់ថា ៖ «អ្នកណាខ្លះជាអ្នកគាំទ្រលោកពូ ព្រហ្ម ម៉ាញ និង អ្នកមីងគ្រត? ធ្លាប់តែឃើញពួកគាត់ច្រៀងអាយ៉ៃ និង សម្ដែងបែបកំប្លែង តែពេលនេះបងប្អូននឹងបានជួបជាមួយលោកពូ ព្រហ្ម ម៉ាញ សម្ដែងជាតួលោកគ្រូ ធី ហើយអ្នកមីងគ្រត សម្ដែងជាតួ មីងម៉ាច ត្រូវជាប្រពន្ធ រួមជាមួយនឹងតួសម្ដែងល្បីៗជាច្រើនទៀតនៅក្នងខ្សែភាពយន្តថ្មី “លោកគ្រូ ប្រពន្ធល្អ” ដែលនិយាយពីជីវិតគ្រូបង្រៀន ហើយនឹងគ្រួសារលក្ខណៈកំប្លែង សើចចុកពោះនៅក្នុងពេលឆាប់ៗនេះវិញម្ដង ចឹងបើចង់ជ្រាបច្បាស់កុំភ្លេចជួបគ្នាឆាប់ៗនេះនៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា. ខ្សែភាពយន្តនេះគឺជាការចូលរួមសហការរវាង ២ ផលិតកម្មចូលគ្នា គឺ ផលិតកម្ម   ដើមត្នោត    Palm Film របស់លោក Chhay Bora ដែលជាអ្នកដឹកនាំរឿង “ឃ្លាតទៅសែនឆ្ងាយ” រួមនឹងផលិតកម្ម Kongchak Pictures»។

យ៉ាងណាមិញ នៅមានរឿងមួយទៀតដែលមហាជនមិនធ្លាប់ដឹងនិងចាប់អារម្មណ៍នោះគឺថា ភាពយន្តខាងលើនេះប្រហែលជារឿងដំបូងនៃការសម្ដែងភាពយន្តរបស់អ្នកអាយ៉ៃជើងចាស់ ព្រហ្មម៉ាញ ក៏ប៉ុន្តែតាមសម្ដីដែលលោកបានអះអាងប្រាប់អ្នកសារព័ត៌មានត្រយង ការពិតទៅលោកធ្លាប់បានសម្ដែងភាពយន្តចំនួន ២ រឿងរួចមកហើយ ចំណងជើងដែលលោកបានចាំ នោះគឺរឿង «ព្រាយសក់ពស់» ដែលលោកបានចូលរួមសម្ដែងជាមួយអ្នកគ្រូ ឌី សាវេត។

គួររំលឹកដែរថា ថ្មីៗនេះ  ប្រមុខរដ្ឋ​ស្ដីទី​ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ ឈុំ​ ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនវិរៈសិល្បករអាយ៉ៃ ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។ លោក ​ព្រហ្ម ម៉ាញ​ ជា​សិល្បករអាយ៉ៃ​ជើង​ចាស់មួយរូប​មាន​សំឡេង​ពីរោះ ពូកែ​ទាំង​កំប្លុក​កំប្លែង ទាំង​សំនួន​វោហារ​ និង​ការ​សំដែង ខណៈសព្វថ្ងៃនេះ​វិស័យ​សិល្បៈ​អាយ៉ៃ​​កំពុងទទួលបានការថែទាំយ៉ាងប្រសើរពីសំណាក់គ្រូចាស់ៗ និងបានបណ្ដុះសិស្សជំនាន់ក្រោយទៀតជាច្រើនជំនាន់៕

Share.