លីគកំពូលអ៊ុយក្រែន Ukrainian Premier League រដូវកាល 2022/23 ចាប់ផ្តើមដំណើរការប្រកួតប្រជែងសារជាថ្មីប្រកបដោយជោគជ័យ បើទោះបីសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តយ៉ាងណាក្តី។

សម្រាប់ជំនួបបើកឆាករវាង Shakhtar Donetsk ទល់នឹង Metalist 1925 Kharkiv បញ្ចប់លទ្ធផលស្មើគ្នា 0-0 ក្នុងទីក្រុង Kyiv នៅកីឡដ្ឋាន Olimpiyskiy National Sports Complex ដោយបិទមិនឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ឡើយ។

លោក Andriy Pavelko ប្រធានសមាគមកីឡាបាល់ទាត់អ៊ុយក្រែនបានថ្លែងថា៖«នេះ​នឹង​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ពិសេស​មួយ, ពោលគឺអំឡុងពេលប្រទេសកំពុងសង្រ្គាម, អំឡុងពេលឈ្លានពានយោធារុស្ស៊ី និងអំឡុងពេលទម្លាក់គ្រាប់បែក» ហើយវាគឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយការជំរុញឱ្យមានការវិលត្រឡប់មកវិញនៃកីឡាបាល់ទាត់នៅក្នុងប្រទេស។

គួរដឹងថាលីគកំពូលអ៊ុយក្រែន ត្រូវបានប្រកាសរំសាយចោលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរងការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។

តាមគម្រោងពានរង្វាន់ Ukrainian Premier League រដូវកាល 2022/23 នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៦ក្រុមចូលរួម៕

Share.