តារា​សម្ដែង​ថៃ​នាង​ Pinky Savika កំពុង​តែ​ជាប់​ពន្ធ​នាគារ​ ដោយ​សារ​តែ​គ្រួសាររបស់​នាង​ មាន​ នាង ម្ដាយ​និង​បងប្រុស​ ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៩​នាក់ ដែលប៉ូលីសចាប់​បញ្ជូន​ទៅ​ពន្ធនាគារ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅពាក់ព័ន្ធ​នឹង​ករណីឆបោក​លុយ​តាម​អនឡាញ។ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​បាន​ដាក់​ប្រាក់​ស្នើ​ធានាខ្លួន​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ប៉ុន្តែ​តុលាការ​ថៃបាន​បដិសេធ​ ព្រោះ​បារម្ភ​ខ្លាច​ពួក​គេ​លួច​រត់​ពេល​បាន​ចេញ​នៅ​ក្រៅឃុំ។ រឿងរ៉ាវ​ចាប់​ខ្លួន​របស់​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ស្រទាប់​មហាជន​និង​រងចាំ​មើល​ថា​តើ​រឿង​នេះ​ទីបញ្ចប់​នឹង​ទៅ​ជា​យ៉ាងណា?

នៅក្នុងរឿងក្ដីរបស់តារាសម្ដែងស្រី Pinky Savika មានចំនួនជនរងគ្រោះចំនួន 9,804 សរុបជាទឹកប្រាក់មានចំនួន 2,489,820,321.52 បាត។ បើយោងតាមការលើកឡើងរបស់ពិធីករ Kendo ដែលជាអ្នកតាមដានជាប់ករណីបោកប្រាស់តាមអនឡាញនេះបាននិយាយក្នុងកម្មវិធីទូរទស្សន៍ថា «រឿងក្ដីបោកប្រាស់ប្រជាជន បោកម្នាក់​មាន​ទោសជាប់គុក 5ឆ្នាំ ដូច្នេះសម្រាប់ករណីរបស់ Pinky បើមានអ្នករងគ្រោះប្រមាណ10,000នាក់ អាចនឹងជាប់ពន្ធនាគារយូររហូតដល់ទៅ 5ម៉ឺនឆ្នាំ (50000ឆ្នាំ)។ 

យ៉ាងណាមិញនោះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​ពិធីករ ប៉ុន្តែ​បើតាមច្បាប់ប្រទេសថៃបានចែងថាករណីឆបោក អាចជាប់ពន្ធនាគារយូរបំផុតមិនលើសពី20ឆ្នាំ។ ចំពោះរឿងក្ដីឆបោកឬបណ្ដឹងឆបោក នឹងមិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោសដូចគ្នាទៅនឹងរឿងក្ដីចាប់រំលោភដែរ។ ប៉ុន្តែបើក្នុងករណីដែល Pinky និយាយថាខ្លួនក៏ជាអ្នករងគ្រោះដូចគ្នានោះ ចាំបាច់ត្រូវតែមានភស្តុតាងបង្ហាញដល់តុលាការក្នុងពេលកាត់ក្ដី។

ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយងសូម​លើក​យក​ជីវិត​ពិតដ៏អភ័ព្វ ​និង​ ​កម្សត់​លើស​ពី​ក្នុង​ភាពយន្តរបស់តារា​ស្រី​រូប​នេះ។ Pinky ធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ​និង​ឱកាស​សម្ដែង​ជា​តួឯក​ដោយសារ​តែ​កាល​ពី​ក្មេង​នាង​បាន​សម្ដែង​រឿង «ផ្កាយព្រឹក​» ជា​តួអង្គ​ ផ្កាយ​ព្រឹក​ កាល​ពីក្មេង។ រឿង​ផ្កាយ​ព្រឹក​នេះ​ល្បី​ល្បាញ​ណាស់​នៅ​ប្រទេស​ថៃ​ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​នាង​ទទួលបាន​ឱកាស​ការងារ​ជា​ច្រើន និង​មាន​ឈ្មោះ​ល្បីល្បាញ​។ ប៉ុន្តែ​ជីវិត​របស់​តារា​ស្រី​រូប​នេះ​បែរជា​ជួប​តែ​រឿងអភ័ព្វ​និង​ខក​បំណង​ទៅ​វិញ​។ ត្រយងសូម​ជម្រាប​ជូនបងប្អូន​ទស្សនិកជន​បាន​ជ្រាប​ដូច​តទៅ៖

រឿង​ដំបូង​ចាប់​ផ្ដើម​ឡើង​គឺ​ Pinky ធ្លាប់​មាន​ព័ត៌មាន​ថា​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​នឹង​កំលោះ​កូន​មហាសេដ្ឋី​ Songkran ហើយ​សាមី​ខ្លួន​បាន​ចេញ​មក​ផ្ដល់​បទ​សម្ភាសឱ្យ​អ្នក​សារព័ត៌មាន​ទំនង​ជា​ទទួល​ស្គាល់​ថា​កំពុង​តែ​ជជែក​និង​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក​ ប៉ុន្តែ​ភាគី​ខាង​ប្រុស​បាន​ចេញ​មក​ផ្ដល់​សម្ភាសវិញបែប​បញ្ឆិតបញ្ឆៀង​ថា​ត្រឹម​តែ​ស្គាល់​ធម្មតាប៉ុណ្ណោះ ធ្វើ​ឱ្យ​គ្រប់​ក្រសែ​ភ្នែក​បាញ់​សម្លឹង​មក​ Pinky ហើយ​មិន​យូរ​ប៉ុន្មាន​ Songkran បាន​ប្រកាស​ថា​ខ្លួ​នកំពុង​តែ​សេពគប់​ជាមួយ​នឹង​តារា​សម្ដែង​ប្រចាំ​ប៉ុស្ដិ៍លេខ​៣ Aff Thaksaorn រហូតធ្វើ​ឱ្យ​ទាំង​ មហាជន​ភ្ញាក់ផ្អើល​ខ្លាំង ចំណែក​ Pinky ក៏​ឈប់​និយាយ​ដល់​ទំនាក់ទំនង​ខ្លួន​និង​ Songkran ជាបន្តទៀត​។

បន្ទាប់​ពី​នោះ​ស្រាប់​តែ​មាន​លេចឈ្មោះ​ Pinky ទៅ​ជាប់​ពាប់ព័ន្ធ​នឹង​បុរស​មហាសេដ្ឋី​ថៃ​ Peg Sanchai ស្វាមី​របស់​តារា​សម្ដែង​ល្បី Thanya ដោយ​ខណៈ​នោះ​មាន​ដំណឹង​លេចឮច្រើន​ថា​ Pinky គឺជា​ជនទីបី​ដែល​ព្យាយាម​បំបែក​គ្រួសារ​របស់ Thanya ហើយ​ក៏​មាន​សង្គ្រាម​ទឹក​មាត់​ ឆ្លើយឆ្លង​គ្នា​តាម​រយៈ​សារព័ត៌មាន​យ៉ាង​គគ្រឹកគគ្រេង​ឱ្យ​អ្នក​តាម​ដាន​បាន​តភាគ​ស្ទើ​រាល់​ថ្ងៃ​ ក្រោយ​មកទើប​រឿងរ៉ាវអាស្រូវ​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ។ កាលណោះ​មិនថា​ Pinky ទៅ​ចូលរួមក្នុង​កម្មវិធី​មួយណា​នោះ​ឡើយ​ តែងតែ​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ពី​ទំនាក់ទំនង​និង​ភាព​ស្និតស្នាល​រវាង​នាង​និង​បុរស​ឈ្មោះ​ Peg នោះ​រហូត។

ក្រោយ​រឿងអាស្រូវ​ដណ្ដើម​ប្ដី​គេ​ស្ងប់ស្ងាត់​ វត្តមាន​ Pinky នៅ​ក្នុងពិភព​សិល្បៈ​ថៃ​ក៏​លែង​ឃើញ​នាង​ជា​បន្ត​ទៀត ដោយ​តារា​ស្រី​រូប​នេះ​បាន​និរទេស​ខ្លួន​ទៅ​ដល់​ប្រទេស​ឥ​ណ្ឌា​ហើយ​សម្ដែង​រឿង​នោះ​ទីនោះ​។ បន្ទាប់​ពី​នោះ​មួយ​រយៈមហាជន​បាន​ចាប់​អារម្មណ៍​ឈ្មោះ​របស់​ Pinky ម្ដង​ទៀត​ ដោយ​សារ​តែ​នាង​ប្រកាស​ដំណឹង​រៀបការ​ជាមួយ​នឹង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់។ កាល​ណោះ​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ថា​តើ​ Pinky និង​កំលោះ​ Hi-So រូប​នេះ​ស្គាល់​គ្នា​ពីពេល​ណា​ ហើយ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ពីពេល​ណា​? យ៉ាងណា​មិញ​ជីវិត​របស់​ តារាស្រី​ដែល​ជួប​តែ​រឿង​បណ្ដាលឱ្យ​ខូចកេរ្តិ៍ឈ្មោះ​នេះ​ហាក់​ដូចជា​ល្អប្រសើរ​ឡើងវិញ​ ដោយ​នាង​បាន​ចាកចេញ​ពីសិល្បៈ​ទៅរស់​នៅ​ជាមួយ​ស្វាមី។ ក្រោយ​មក​ស្រាប់​តែ​លេចព័ត៌មាន​ថានាង​បាន​បែក​ផ្លូវ​គ្នា​ជាមួយស្វាមីដែល​មាន​ឈ្មោះ​ថា ផេតនោះ​ហើយ ព្រម​ទាំង​ត្រលប់​មក​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​សារជាថ្មី ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រមិន​តិច​នោះ​ទេ។

ជីវិត​ថ្មី​ក្នុង​វិថី​សិល្បៈ​របស់​ Pinky លើក​នេះ​ ហាក់​ដូចជា​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​មុន​ព្រោះ​នាង​បាន​ផ្សះផ្សារ​ជាមួយ​នឹង​តារា​រៀម​ច្បង​ Thanya ដែល​ធ្លាប់​មាន​ដំណឹង​ដណ្ដើម​ប្ដី​គ្នា​នោះ​ហើយ​ត្រលប់​មក​រួម​ការ​ងារ​ជាមួយ​គ្នា​ធម្មតា​ ដែល​ធ្វើ​ឱ្យ​សាធារណមតិ​យល់ឃើញ​ថា​ជីវិត​របស់​នាង​តទៅថ្ងៃ​មុខ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។

ប៉ុន្តែ​ជា​អកុសល​ស្រាប់​តែ​លេច​ដំណឹង​នាង​ត្រូវប៉ូលិស​ថៃ​ចាប់​ខ្លួននិង​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ពន្ធនាគារ​​ពាក់ព័ន្ធ​ករណី​បោក​ប្រាស់តាម​អនឡាញ​ទៅវិញ​។

ប្រភព thairath,tnews

Share.