ភ្នំពេញ ៖ (ព័ត៌មានបឋម) កម្លាំងមន្ទីរគ្រឿងញៀន (ក៥) នៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើការដឹកជញ្ជូនគ្រឿង រហូតឈានដល់ផ្ទុះអាវុធបាញ់តដៃគ្នា បណ្តាលឲ្យជនសង្ស័យស្លាប់ម្នាក់ របួសម្នាក់ ចាប់ខ្លួនបាន២នាក់។

ករណីនេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនបានជាង ៤០គីឡូ ក្រាម និងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវកែវចិន្តា ក្បែរកំពង់ ដរស្វាយជ្រំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងក៥ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្រោយពីបើកការស្រាវជ្រាវ ឈានដល់តាមបង្ក្រាប ខណៈដែលក្រុមជនសង្ស័យចំនួន៤នាក់ មានទាំងអាវុធផងនោះ កំពុងដឹកជញ្ជូនថ្នាំញៀនតាមរថយន្តមួយគ្រឿង ក្នុងរូបភាពដាក់ដើមផ្កាពេញទ្រុងរថយន្តដើម្បីបំភ័ណ្ឌភ្នែក ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ឃាត់ តែត្រូវបានក្រុមជនសង្ស័យប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច រហូតសមត្ថិច្ចបាញ់តដៃវិញ បណ្តាលឲ្យជនសង្ស័យស្លាប់ម្នាក់ របួសជើងម្នាក់ ចាប់ខ្លួនបាន២នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនជាង៤០គីឡូក្រាម ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.