កសិករបានប្រទះឃើញគ្រាប់មីនស្គរនៅមានប្រសិទ្ធភាពស្ទើរតែ ១០០% ជាង ១០គ្រាប់កប់នៅក្នុងដីចម្ការអតីតសមរភូមិប្រយុទ្ធ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលខេត្តបាត់ដំបង បានបញ្ជាក់ថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំងអស់នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលដែលភ្ជួរដីធ្វើចម្ការនៅលើថ្នាលចាស់ក្បែរទីទួល។
តំបន់ដែលប្រជាកសិករប្រទះគ្រាប់មីនកប់នៅក្នុងដីនេះឋិតនៅត្រង់ចំណុចភូមិជីប៉ាង ឃុំផ្លូវ មាស ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។ ជាទីតាំងចាស់អតីតសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកដែលលោកធ្លាប់ឈរជើងការពារបូរណភាពដែនដី ពិសេសនៅអំឡុងរវាងឆ្នាំ ១៩៨៨កន្លងមក។

មន្ត្រីនគរបាលដែលជាប់ប្រវត្តិការពារតំបន់នេះបានបន្តថា គ្រាប់មីនជាសំ ណល់ពីសម័យសង្រ្គាមជាយូរមកនេះសរុបចំនួន ១២គ្រាប់ ជាប្រភេទគ្រាប់ ៧២A និងហៅម៉្យាងទៀតថាមីនស្គរ ឬមីនសញ្ញាលេខបូក។
លោកថា ភ្លាមៗបន្ទាប់ពីកម្លាំងមូលដ្ឋានទទួលបានព័ត៌មានរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋឈ្មោះញៀ ហឿន អា យុ ៥៩ឆ្នាំ លោកក៏បានចុះទៅពិនិត្យជាក់ស្តែងរួចសហការជាមួយមន្ត្រី អង្គភាព CMAC ដើម្បីបោសសម្អាតហើយយកទៅកម្ទេចចោល៕
អត្ថបទ៖ ដំបង ក្រញូង
