គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅសល់រយៈពេលតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកាតារ ដោយមាន៣២ប្រទេសចូលរួម។

ប្រទេសកាតារ នឹងអនុញ្ញាតឱ្យអ្នកគាំទ្រដែលមានសំបុត្រចូលរួមទស្សនាការប្រកួត World Cup អាចទិញស្រាបៀរដែលមានជាតិអាល់កុលបាន ប៉ុន្តែគឺមុនការប្រកួតចាប់ផ្តើម៣ម៉ោង មិនមែនក្នុងអំឡុងពេលប្រកួតនោះទេ។

ក្រុមហ៊ុនស្រាបៀរ Budweiser ដែលជាអ្នកឧបត្ថម្ភធំប្រចាំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលទិញសិទ្ធិផ្តាច់មុខក្នុងការលក់ស្រាបៀរ នឹងបម្រើស្រាបៀរនៅក្នុងបរិវេណដែលមានលក់សំបុត្រជុំវិញកីឡដ្ឋាននីមួយៗ ប៉ុន្តែមិនមែននៅក្នុងកីឡដ្ឋាន ឬកន្លែងអង្គុយនោះទេ។

យ៉ាងណាមិញប្រទេសកាតារ នៅតែបន្តអនុវត្តន៍ច្បាប់ដោយគ្មាន​ការ​រួមភេទ​សម្រាប់​អ្នក​នៅ​លីវ ដោយសារការ​រួមភេទ​មុនពេល​រៀបការ គឺ​ខុសច្បាប់សម្រាប់​ប្រជាជន​ម៉ូស្លីម សូម្បីតែ​ការឱបថើប​ជា​សាធារណៈ ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​ ពោលគឺ​ការរួម​ភេទ​អាចធ្វើ​ទៅបាន លុះត្រាតែ​ជា​ប្តី​ប្រពន្ធ​។ អ្នក​ល្មើសច្បាប់​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល៧​ឆ្នាំ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, អូស្ត្រាលី
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.