យោងតាមការចុះផ្សាយរបស់ The Mirror សារព័ត៌មានដ៍ធំមួយប្រចាំនៅប្រទេសអង់គ្លេសបានឲ្យដឹងថាអតីតគ្រូបង្ហាត់់យុវជនរបស់សាលាបាល់ទាត់ Leicester City លោក Alistair Heath បានសម្រេចចាកចេញពីប្រទេសអង់គ្លេសកាលពីខែធ្នូ ឆ្នាំ២០២១ ដើម្បីក្លាយជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៃក្របខណ្ឌកំពូលរបស់ប្រទេសកម្ពុជា Cambodian Premier League រដូវកាល២០២២។

ជាទូទៅគ្រូបង្វឹកជនជាតិអង់គ្លេសភាគច្រើន ស្ទើរតែមិនស្គាល់ថាប្រទេសកម្ពុជានៅទីណា ឬក៏ឲ្យចង្អុលថាកម្ពុជាស្ថិតនៅត្រង់ចំណុចណានៅក្នុងផែនទីគឺគ្មានអ្នកដឹងផង ប៉ុន្តែលោក Alistair Heath យល់ព្រមធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍តែម្នាក់ឯង ដោយគ្មានភាពស្ទាក់ស្ទើរបន្តិចឡើយ។

លោក Alistair Heath ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្នុងឆ្នាំ ២០០៤ នៅពេលដែលគាត់បានចូលរួមជាមួយក្រុមបាល់ទាត់ Buxton មិនមែនអាជីព (Non-League)។ ក្រៅពីនេះលោកក៏បន្តជាគ្រូបង្វឹកនៅសាលាបាល់ទាត់ Bromsgrove Rovers FC, Birmingham City និង Leicester City។

ខាងក្រោមនេះគឺជាបទពិសោធន៍ការងាររបស់លោក Alistair Heath៖
– ២០០៧/០៨ គ្រូបង្វឹកក្រុមថ្នាលយុវជនរបស់ក្លិប Birmingham City អាយុក្រោម៩-១៨ឆ្នាំ
– ២០០៩ គ្រូបង្វឹកក្រុម Bromsgrove Rovers FC
– ២០១៣ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ឆ្នាំ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
– ២០១៥/២១ គ្រូ​បង្វឹក​ក្រុម​យុវជន​​របស់​ក្លិប Leicester City
– ២០១៦/១៨ បញ្ចប់ថ្នាក់សិក្សាគ្រូបង្វឹកកម្រិត UEFA A-License៕

បច្ចុប្បន្នក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath កំពុងស្ថិតនៅលេខរៀងទី៦ ឆ្លងកាត់១៧ប្រកួត ឈ្នះ៥ ស្មើ៣ និងចាញ់៩ មាន១៨ពិន្ទុ៕

Share.