មន្រ្តីក្នុងតំបន់បាននិយាយប្រាប់ AFP នាថ្ងៃ ពុធ ទី ០៧ ខែ កញ្ញា នេះថា មានអគ្គីភ័យឆាបឆេះក្លឹបខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម បណ្ដាលឲ្យមនុស្សចំនួន ១២នាក់ស្លាប់ និង ១១នាក់ទៀត រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះជាន់ទី២ និង ជាន់ទី៣ នៃអគារខារ៉ាអូខេ កាលពីយប់ថ្ងៃ អង្គារ ដោយបង្ខាំងភ្ញៀវ និង បុគ្គលិកនៅលើនោះ ខណៈជណ្ដើរយន្ដមានផ្សែងហុយចេញមកខាងក្រៅមិនអាចឲ្យពួកគេចុះមកក្រោមបាន។

សេចក្ដីរាយការណ៍បានបន្ថែមថា មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅលើសំយ៉ាបខាងក្រៅអគារ ដើម្បីគេចពីអណ្ដាតភ្លើងដែលបានឆាប់ឆេះយ៉ាងលឿន ខណៈអ្នកផ្សេងទៀតបានបង្ខំចិត្តលោតចេញពីអគារដោយសារតែមិនអាចទ្រាំនឹងកំដៅបាន។

យោងតាមសាក្សីនៅក្បែរទីតាំងកើតហេតុបានប្រាប់បណ្ដាញសារព័ត៌មាន VnExpress ថា នៅពេលរថយន្ដពន្លត់អគ្គីភ័យមកដល់ បុគ្គលិកទទួលភ្ញៀវម្នាក់បាននិយាយថា មានមនុស្សចំនួន ៤០នាក់ បានជាប់គាំងនៅខាងក្នុងអគារ។

សូមជម្រាបថា អគ្គីភ័យនៅវៀតណាមបានស្លាប់មនុស្សអស់ជាច្រើនដោយកាលពីឆ្នាំ ២០១៨ អគ្គីភ័យបានសម្លាប់មនុស្សចំនួន ១៣នាក់ ក្នុងអគារផ្ទះល្វែងនៅទីក្រុង ហូជីមិញ។ ខណៈឆ្នាំ ២០១៦ មានអគ្គីភ័យឆាបឆេះក្លឹបខារ៉ាអូខេ នៅទីក្រុងហាណូយបណ្ដាលឲ្យមនុស្ស ១៣នាក់ស្លាប់ ដែលជំរុញឲ្យមានការវាយតម្លៃទូទាំងប្រទេសអំពីវិធានការបង្កាអគ្គីភ័យនៅតាមបារ និង ក្លឹប។ ហើយកាលពីខែ សីហា អ្នកពន្លត់អគ្គីភ័យ ៣នាក់ បានស្លាប់នៅពេលព្យាយាមចូលជួយពន្លត់ភ្លើងនៅហាងខារ៉ាអូខេមួយកន្លែងក្នុងរាជធានី៕

ប្រភព៖ CNA

Share.