ភ្នំពេញ ៖ បុរសជាសន្តិសុខយាមធនាគារCIMB រងរបួសជើងស្តាំ បន្ទាប់ពីកើតជម្លោះជាមួយសន្តិសុខយាមនៅគោលដៅដូចគ្នា រហូតដល់ផ្ទុះអាវុធ នៅក្នុងធនាគារ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅធនាគារ CIMB ស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន safegardes cambodai co.ltd យាមប្រចាំនៅធនាគារខាងលើ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជាសន្តិសុខនៅក្រុមហ៊ុនជាមួយគ្នា យាមនៅធនាគារជាមួយគ្នា រងរបួសជើងស្តាំ ។

តាមប្រភពមួយបានឲ្យដឹងថា ជនរងគ្រោះនិងជនបង្ក បានឈ្លោះទាស់សម្តីគ្នារឿងចូលបន្ទប់ទឹក នៅក្នុងធនាគារ លុះនៅវេលាម៉ោងខាងលើ ជនសង្ស័យជិះម៉ូតូទៅ ឈប់មុខធនាគារ ប្រដាប់ដោយអាវុធខ្លី ដើរចូលទៅខាងក្នុង បាញ់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសជើងស្តាំ ហើយជនបង្ករត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពីមានផ្ទុះអាវុធនៅក្នុងធនាគារ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ រកឃើញសំបកគ្រាប់កាំភ្លើងកា៥៤មួយគ្រាប់ សាកសួរ និងធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ៕

អត្ថបទ៖ តាតុង សែនជ័យ​

Share.