ភ្នំពេញ ៖ កម្លាំងនគរបាលរបស់ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងនគរបាលមូលដ្ឋាន បង្ក្រាបទីតាំងបើកបនល្បែងសុីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សប្រុស ស្រី ជាជនជាតិខ្មែចំនួន១១នាក់ ដកហូតបានសម្ភារៈមួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងជាជនជាតិចិន បានគេចខ្លួនបាត់មុនសមត្ថកិច្ចចុះទៅដល់ ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើបានប្រព្រឹត្តទៅកាលពីវេលាថ្ងៃត្រង់ទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ច បនល្បែងសុីសងរបស់ថៅកែចិនខាងលើ លួចបើកដំណើរការ១០ថ្ងៃមកហើយ ទើបនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិជ្ជា យាកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំង បទល្មើសពាណិជ្ជកម្ម កម្លាំងខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍រដ្ឋបាល ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូង ចុះទៅបង្ក្រាបឃាត់ខ្លួនមនុស្ស ជាជនជាតិខ្មែរ បុគ្គលិក អ្នកស្នាក់នៅទីនោះបាន១១នាក់ ស្រី៨នាក់ ប្រុស៣នាក់ ដកហូតបានទូហ្គេមចំនួន៤ ម៉ូតូមួយគ្រឿង សន្លឹកបៀចំនួន៣កេស ម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ចំណែកថៅកែ ជាជនជាតិចិន បានគេចខ្លួនបាត់ មុនសមត្ថកិច្ចចុះទៅដល់ ។

ករណីបង្ក្រាបបនល្បែងខាងលើ មនុស្សទាំង១១នាក់ និងសម្ភារៈមួយចំនួនធំ ត្រូវបានយកទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងស្រាវជ្រាវរកម្ចាស់ទីតាំង អនុវត្តទៅតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.