ប្រិយមិត្ត​ទស្សនិកជន​ដែល​និយម​ទស្សនា​រឿង​ភាគ​ចិន​ប្រាកដ​ជា​បាន​ដឹង​រឿង​ព្រះមហាក្សត្រ​មាន​ស្ត្រី​កំណាន់​ ស្រី​ស្នំ ​រាប់​ពាន់​ មាន​ស្ត្រី​ខ្លះ​ មួយ​ជីវិត​មិន​ធ្លាប់​បាន​ចូល​គាល់​បំរើ​ព្រះរាជា​សូម្បី​ម្ដង​។ សម្រាប់​រាជ​វង្ស​ចិន​ទាំង​អស់​ រាជវង្ស​មីង​គឺ​ជា​រាជវង្ស​ដែល​អ៊ូអរ សម្បូរ​ទៅ​ដោយ​សេនា​អាមាត្យ​ស្រី​បំរើ​ ជា​ពិសេស​គឺ​ស្ត្រី​កំណាន់​ តាម​រយៈ​ការ​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ស្រីស្នំ​នៅ​ក្នុង​វាំង​ចំនួន​ច្រើន​រហូត​ដល់​ ៩០០០​នាក់​ ចំណែក​ការ​ជ្រើសរើស​មាន​លក្ខណៈ​តឹងរ៉ឹង​ខ្លាំង​ណាស់​។

សូមចុចអាន តិច​​ស្ដាយ​ក្រោយ​!​ កុំភ្លេច​មើល​ភាពយន្ត​ភាគចិន​​ល្អ​ ​ផ្ដាច់​គេ​ប្រចាំ​ខែ​ឧសភានេះ​

យោង​តាម​ឯកសារ​កត់ត្រា​ ការ​ជ្រើសរើស​ស្រី​កំណាន់​រហូតទៅដល់​ស្រី​ស្នំ​នៅ​ក្នុង​រាជវង្ស​ចិន​ មិន​ដូច​គ្នា​នោះ​ទេ​ សម្រាប់​រាជវង្ស​មីង​ គេ​​លើក​ឡើង​ថា​ព្រះរាជា​ ចូ យួនចាង​ ដើម្បី​ការពារខ្លួន​ពី​​គ្រោះ​ភ័យ​ពី​បណ្ដា​សាច់​ញាតិ​របស់ស្រី​​​ស្នំ និង ​មហេសី​ ដូច្នេះ​ការ​ជ្រើស​រើស​​ ស្នំ​និង​មហេសី​ គឺ​ជ្រើសរើស​មក​ពី​រាស្ត្រ​សាមញ្ញ​ទាំង​អស់​ តាម​រយៈ​ឯកសារ​កត់ត្រា​ជា​ច្រើន​ច្បាប់​បាន​សរសេរ​រៀបរាប់​ថា​ ឱ្យ​តែ​ដល់​ពេល​ជ្រើស​រើស​ស្នំ​ អ្នក​ស្រុក​ភូមិ​រមែង​នាំ​គ្នា​ភ័យ​ព្រួយ​ ហើយ​ប្រញាប់​ចាប់​គូ​រៀបការ​ឱ្យ​កូន​ដើម្បី​គេច​ពី​ការ​ត្រូវ​ជ្រើសរើស។

រូបភាព​តំណាង

ចំណែក​រាជវង្ស​ឈីង​វិញ ប្រតិ​បត្តិ​លើ​ការ​ថែរក្សា​ការពារខ្សែលោហិតរាជវង្ស​ ដូច្នេះ​រាជវង្ស​នេះ​ជ្រើសរើស​មហេសី​ចេញ​ពី​ត្រកូល​កងទ័ព​ទាំង​៨​ (​សម័យ​ឈីង​បែងចែក​កង​ទ័ព​ជា​៨​ក្រុម​  អ្នក​ដែល​បាន​គ្រប់គ្រង​ទ័ព​គឺ​ជា​មនុស្ស​ដែល​មាន​សម្ព័ន្ធភាព​ល្អឬ​ជា​ខ្សែ​ស្រឡាយ​ព្រះ​ញាតិវង្ស​)។ សម្រាប់​ការ​ជ្រើសរើស​គឺ​ធ្វើ​ឡើង​រាល់ ​៣​ឆ្នាំ​ម្ដង​ ចំណែក​ពិធី​ជ្រើសរើស​ស្រី​កំណាន់​លើក​ដំបូង​របស់​រាជវង្ស​ឈីង​រៀប​ចំ​ឡើង​នៅ​ក្នុង​សម័យ​ស៊ុនជឺ ក្រោយ​សម័យ​ស៊ុន​ជឺ​ បន្តមក​ទៀត​ កូន​របស់មន្ត្រីកងទ័ព​ទាំង​៨​កង​ពល​ ដែល​មាន​អាយុ​១៣-១៧​ឆ្នាំ​ ត្រូវ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​ តែ​បើ​មិន​ជាប់​ការ​ជ្រើសរើស​ទេ​នោះ ហាម​មិនឱ្យ​រៀបការ​ជាដាច់​ខាត​ លុះត្រា​មាន​អាយុ​លើស​១៧​ឆ្នាំ​ ហើយ​មិន​ត្រូវ​បាន​ជ្រើសរើស​ទេ​នោះ​ ទើប​មាន​សិទ្ធិ​រៀបការ​បាន​ ចំណែក​អ្នក​ដែល​មើល​ការ​ខុស​ត្រូវ​លើ​រឿង​នេះ​គឺ​ក្រសួង​ហិរញ្ញវត្ថុ។

ក្រៅ​ពី​នេះ​ ចៅ​ក្វាង​ឆៅ​ អ្នក​និពន្ធ​និង​ប្រមូល​ផ្ដុំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវហាមប្រាម​ក្នុង​រាជវង្ស​បាន​សរសេរ​ក្នុង​សៀវភៅ «រៀបរៀង​រឿង​រ៉ាវ​ហាម​ឃាត់​ក្នុង​របង​វាំង​»​ បាន​អធិប្បាយ​ពី​ឈ្មោះ​ ណឺយ​ អ៊ូហ្វូ​ អ្នក​ការពារ​ក្នុង​វាំង​គឺ​ជា​អ្នក​ជ្រើសរើស​ស្ត្រី​ពី​កង​ពល​លំដាប់​ខ្ពស់​ (គ្រួសារបាត​ហ្លួង​នេះ​មាន​ឋានៈខ្ពស់​  ចូលវាំង​ដើម្បី​ជាស្រី​កំណាន់​ក្នុង​ព្រះរាជសំណាក់​ ចាំ​បាច់​ត្រូវ​តែ​ ជ្រើសរើស​ស្រីស្អាត​ ដោយ​ក្រុម​ស្ត្រី​អស់​ទាំង​នេះ​មាន​សិទ្ធិ​បាន​ឡើង​តំណែង​ជា​ស្នំ​ បើសិន​ព្រះរាជាពេញ​ព្រះទ័យ​ ហើយ​បើសិន​ផ្ដល់កំណើត​ឱ្យ​ព្រះឱរស​នឹង​បាន​ឡើង​ជា​ព្រះ​មហេសី។​​

រូបភាព​តំណាង

សម្រាប់​ចំនួន​ព្រះមហេសីនិង​ស្នំវិញ​ រាជវង្ស​មីងចែក​ចេញ​ជា​ ១២​លំដាប់ ខណៈ​ដែល​ព្រះរាជាខាងស៊ី​ នៃ​ព្រះរាជវង្ស​ស៊ី​ចែក​ចេញ​ជា​ ៨​លំដាប់ ដោយ​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​មាន​សិទ្ធិ​បាន​ធ្វើ​ជាមហេសី តែ​មាន​មនុស្ស​មិន​តិច​នោះ​ទេ​ដែល​តែងតែ​ភ័យ​ខ្លាច​ការ​មាន​ជីវិត​រស់​នៅ​ឯកោ​ក្នុង​កន្លែង​ដែល​ខ្លួន​មិន​ស្គាល់​ ឬ​ការ​ប្រើប្រាស់​ជីវិត​យ៉ាងស្ងប់ស្ងាត់​​​ក្នុង​ឋាន´ជា​ស្រី​ស្នំ​ក្នុង​តំណាក់ ក្នុង​បរិវេណ​ព្រះបរមរាជវាំង​ដ៏​ធំល្វឹងល្វើយ​។

រឿង​ដែល​បង្ក​ឱ្យ​ស្រី​កំណាន់​អស់​ទាំង​នោះ​មាន​ភាព​ភ័យ​ខ្លាច​ មិនមែន​មិនមានដើមហេតុនោះ​ទេ​ បើ​ពិចារណា​ឱ្យ​ម៉ត់ចត់​សុវត្ថិភាព​របស់​ស្ត្រីកំណាន់​មាន​ច្រើន​លើសលប់​ តែដោយ​ការ​គ្រប់គ្រង​ដែល​មាន​លក្ខណៈតឹងរឹង​ខ្លាំង​របស់​រាជវង្ស​មីង ស្រីកំណាន់មួយ​ចំនួន​ សូម្បីតែ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ នៅ​មិនអាច​ចេញ​ផុត​ពី​របងរាជវាំងផង​ ខណៈ​ដែល​ស្រីកំណាន់​ចាស់​ មាន​អាយុ​ច្រើនរាងកាយ​ទន់​ខ្សោយ​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅរស់​នៅ​ជីអាន​សួរ​អស់មួយជីវិត។ ចំពោះ​ការ​ជ្រើសរើសស្រីកំណាន់​ឬ​ស្នំ ​​ក្នុង​រាជវង្សមីង​​មាន​លក្ខណៈតឹងតែង​ខ្លាំង​ សឹង​អាច​និយាយ​បាន​មក ​១០០​នាក់​ជ្រើស​រើស​ត្រឹម​តែ​១​នាក់។

រូបភាព​តំណាង

ឧទាហរណ៍​ដែល ​ចាង ក្វាងឆៅ ​បាន​លើក​យក​មក​រៀបរាប់​គឺ​ការ​ជ្រើសរើសក្នុងរជ្ជកាល​ជៀនឈី​ឆ្នាំ​ទី​១​ ដែល​ស្ដេច​ស៊ីចុង​នឹង​រៀបចំ​ពិធីអភិសេក​ បាន​ជ្រើសរើស​មនុស្សស្រី​ដែល​មាន​អាយុ​១៣ ​ទៅ ​១៥​ឆ្នាំសរុប​៥០០០នាក់​ មក​ពីគ្រប់ទិសទី ក្រោយ​មក​ចាប់​ផ្ដើម​ពិនិត្យលើ​គុណសម្បត្តិ​យ៉ាងម៉ត់ចត់​។

ក្នុងឯកសារ​ស្រាវជ្រាវបាន​សរសេរ​ថា​៖ «ស្ត្រី​រូប​នោះ​ត្រូវ​មាន​ធ្មេញ​តម្រៀបជួរ​គ្នាយ៉ាង​មាន​របៀប​»។ មហាថ្លឹក​ដែល​ដើរ​តួនាទី​ត្រួត​ពិនិត្យ​បានសរសេរថា ធ្មេញ​អ្នក​ខ្លះវែងពេក ធ្មេញ​ខ្លះ​ខ្លីពេក​ ធ្មេញ​ខ្លះ​ធំ​ពេក ធ្មេញ​ខ្លះ​តូច​ពេក​។ ស្ត្រី​អស់​ទាំង​នេះ​ត្រូវ​ដក​ចេញ​ហើយ​បញ្ជូន​ឱ្យ​ត្រលប់​ទៅផ្ទះ​វិញ​សរុប​ ១០០០នាក់​។ ថ្ងៃ​បន្ទាប់​ ស្ត្រី​ទាំង​អស់​ឈរ​តម្រៀប​គ្នា​ដូច​ថ្ងៃ​មុន ហើយ​ឱ្យ​មហាថ្លឹក​ពិនិត្យ​ស្លឹក​ត្រចៀក​ កែវភ្នែក មាត់​ ច្រមុះ​ សក់​ ស្បែក​ ដៃជើង​ ចង្កេះ ត្រគៀក កែវដៃ បើ​សិន​ជា​ខ្វះគុណសម្បត្តិណាមួយ​នឹង​មិន​ត្រូវ​បាន​ជ្រើសរើស​បន្ត​នោះ​ទេ។

រូបភាព​តំណាង

មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​ទាំង​អស់​ត្រូវ​និយាយប្រាប់​ពី​ឈ្មោះ​ ត្រកូល​ ឆ្នាំ​កំណើត​ អាយុ​ បើសិន​និយាយ​ចេញ​មក​ដូចបុរស​ ឬ​សំឡេងខ្សោយ​ សំឡេង​ទាប សំឡេង​ត្រដិត នឹង​ត្រូវ​ជម្រុះ​ចេញ​​ ដោយ​មាន​ស្ត្រី ​២០០០នាក់​ទៀត​ត្រូវ​បាន​កាត់​ចេញ​ពី​បញ្ជី។​ ថ្ងៃ​បន្ទាប់​ មហាថ្លឹក​នាំ​ឧបករណ៍​មកវាស់​ខ្នាត​ជើង​របស់​ស្ត្រី​ដែល​នៅ​សល់ ក្រោយ​ពី​វាស់​ហើយ​ឱ្យ​ដើរ​វិលចុះ​ឡើង​ដើម្បី​ពិនិត្យ​មើល​។ ស្ត្រី​ដែល​ម្រាម​ដៃ​ខ្លីពេក​ ជើង​ធំពេក ករិយាមាយាទ​មិនទន់ភ្លន់​ នឹង​ត្រូវ​ជម្រុះចេញ​ទៀត​ លើក​នេះ​មាន​ស្ត្រី​១០០០​នាក់​ទៀត​ត្រូវ​បាន​ជម្រុះ​។

មហាថ្លឹក​

នៅសល់​ ១០០០​នាក់​ នឹង​ត្រូវ​កោះ​ហៅ​ឱ្យ​ចូល​ក្នុង​រាជវាំង​ រួច​ហើយ​ឱ្យ​ស្ត្រី​កំណាន់​ជា​អ្នក​ជ្រើសរើស​រួច​នាំ​ចូល​បន្ទប់​បិទជិត​ដើម្បី​ពិនិត្យ​ដើមទ្រូង ហិតក្លិនឃ្លៀក ពិនិត្យមើល​ស្បែក​មានស្នាម​អីឬអត់? អ្នក​ដែល​ជាប់​ក្នុង​វគ្គ​នេះ​មាន​ត្រឹម​ ៣០០​នាក់​ប៉ុណ្ណោះ​ ដោយ​ស្ត្រី​ទាំង​ ៣០០​ នេះ​នឹង​បាន​ក្លាយ​ជា​ស្រីកំណាន់​ចំនួន​១ខែ​​ក្នុង​រាជវាំង​ ដើម្បី​សង្កេត​ត្រួត​ពិនិត្យ​លក្ខណៈឧបនិស្ស័យ​ ការ​និយាយ​ស្ដី​ដើម្បី​ធ្វើ​ការ​ពិនិត្យជា​បន្ត​​ជា​រួម​ជា​មនុស្ស​រឹងត្អឹង​ ឬ​ទន់ភ្លន់​ គ្មានខួរក្បាល​ឬ​ក៏​ឆ្លាតវាងវៃ ដូច្នេះ​ក្រោយ​មួយ​ខែ​មាន​ស្ត្រី​ត្រឹម​៥០​នាក់ប៉ុណ្ណោះ​ដែល​នៅ​សល់​នឹង​បាន​ក្លាយ​ជា​ស្នំ​ព្រះរាជា។

រូបភាព​តំណាង

សម្រាប់​ការ​ជ្រើសរើស​ស្រី​ស្នំ​របស់​រាជវង្សមីង​ និង​ ឈីង​មាន​ភាព​ខុស​ប្លែក​ពីគ្នា​ ដោយរាជវង្សមីង​ ផ្ដោត​លើ​រូប​សម្បត្តិ ចំណែក​រាជវង្សឈីង​ផ្ដោត​លើវង្សត្រកូលនិង​គុណធម៌ ដើម្បី​បញ្ជាក់​ថា​ស្ដេចឈីង​ផ្ដល់​សេចក្ដី​សំខាន់​ខ្លាំង​លើ​គុណធម៌​មិន​មែន​​តណ្ហា​។

ស្ដេចខាង​ស៊ី​នៃ​រាជវង្ស​ឈីង​មាន​ព្រះមហេសី​ និង​ ស្នំ​សរុប​៥៥​នាក់ ដោយ​ឈីងកុង ​ស៊ូវិន​ បាន​បញ្ជាក់​ថា​ នៅ​រជ្ជស័ក​ខាងស៊ី​ ឆ្នាំ​ទី​៤៩​ ព្រះអង្គ​បាន​ត្រាស់​ទៅ​កាន់​ តាសៀងសឺ ​ថា​ ស្រីកំណាន់​ក្នុង​រាជវង្ស​មីង​ដែល​រហូត​ដល់​ ៩០០០​នាក់ អាមាត្រ​ដែល​មាន​ដល់ ១០០០០០នាក់​ អាហារ​ហូបចុក​មិន​គ្រប់​គ្រាន់​ រហូត​មានថ្ងៃ​ខ្លះ​មាន​អ្នក​ស្លាប់​ដោយសារ​តែ​អត់ឃ្លាន ដូច្នោះហើយ​នៅ​សម័យ​ទ្រង់​ ​កាត់​សល់​ត្រឹម​តែ ​៥០០នាក់​​​ ក្រៅ​ពី​នោះ ​ស្រី​កំណាន់​ដែល​ថ្វាយ​ការ​បំរើ​​គ្រប់​វារៈតួនាទី​ហើយ អាច​ត្រលប់​ទៅ​ស្រុក​កំណើត​រៀបការ​បាន​។

Telegram-Troryorng
Share.