ភ្នំពេញ ៖ ផ្ទះស្តុក លក់ គ្រឿងបរិក្ខាអគ្គិសនី មានទាំងសូឡា LED ផងនោះ ត្រូវបានភ្លើងឆាបឆេះ សម្ភារៈ ទ្រព្យសម្បត្តិខាងក្នុងអស់គ្មានសល់ សង្ស័យឆ្លងចរន្តភ្លើងអំពូលសូឡា បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ជិតឆ្លងចូលថ្ងៃទី១២ទៅហើយ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងដា ទីតាំងខាងលើ មានម្ចាស់ជាជនជាតិចិន ស្តុក លក់ គ្រឿងបរិក្ខាអគ្គិសនី អំពូលសូឡា អំពូលLED និងសម្ភារៈមួយចំនួនទៀតផង ដាក់នៅពេញផ្ទះ ។

ប្រភពពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ មានភាយធំក្លិនឈ្ងៀម ហើយហុយផ្សែងចេញពីគំនរកេស ស្តុកអំពូលសូឡា បង្កក្លាយជាអគ្គិភ័យឆេះសន្ធោឡើង ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ សម្ភារៈដែលមាននៅក្នុងផ្ទះ ត្រូវបានក្លាយជាចំណីអគ្គិទាំងអស់គ្មានសល់ តែមិនរាលដាលទៅផ្ទះផ្សេង ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញគ្រោះអគ្គិភ័យខាងលើ ៕

អត្ថបទ៖តាតុងសែន សែនជ័យ

Share.