ភ្នំពេញ ៖ រថយន្តម៉ាកCRVមួយគ្រឿងបើកលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកម៉ូតូហុងដាឌ្រីម កំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង បែកក្បាល សន្លប់បាត់ស្មារតី ត្រូវបានឡានពេទ្យឯកជននាំគ្នា លួចចាប់សែងដៃជើង ដាក់គូទរថយន្តសាមញ្ញធម្មតា ដឹកចេញទៅភ្លាមៗ ព្រោះតែខ្លាចខាងពេទ្យរដ្ឋ ចាប់បានផាកពិន័យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខបុរីពិភពថ្មី២ ក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកCRC ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-5685 បើកដោយបុរសម្នាក់ ពីត្បូងទៅជើង លឿន ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-6468 ជិះដោយជនរងគ្រោះឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យដាច់កាងម៉ូតូ ជាប់នឹងម៉ូតូផ្លោងជាច្រើនម៉ែត្រ របួសបាក់ជើងឆ្វេងខ្ទេច បែកក្បាលហូរឈាមកក្លាក់ សន្លប់វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុភ្លាមៗគេឃើញវត្តមានខាងពេទ្យ គ្លីនិកឯកជន ប្រើប្រាស់រថយន្តធម្មតា ចាប់សែង ជនរងគ្រោះដាក់គូទឡានបើកចេញទៅបាត់ ព្រោះតែខ្លាចខាងពេទ្យរដ្ឋ ទៅទាន់ចាប់ផាកពិន័យ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ទៅឲ្យការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.