ភ្នំពេញ ៖ បុរសម្នាក់កុហកប្រពន្ធថាទៅធ្វើការថែមម៉ោង តែផ្ទុយទៅវិញ ទៅណាត់ជួបជុំមិត្តភ័ក្តិ ផឹកអស់៧កំប៉ុងស្រវឹង ជិះម៉ូតូវិលទៅផ្ទះ វង្វេងធ្លាក់ចិញ្ចើមផ្លូវ ដួលខ្លួនឯង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លី ឡុង ភេទប្រុស អាយុ២៩ឆ្នាំ មានប្រពន្ធ កូន៣នាក់ មានទីលំនៅភូមិលិចបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GI-2103 ជាមធ្យោបាយ ។

បើតាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូលឿនរេពេញផ្លូវ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុធ្លាក់ចិញ្ចើម ភ្ញាក់ទាញចង្កូតឡើងវិញដួលផីងតែម្តង ។

តាមសម្តីជនរងគ្រោះក្នុងសភាពស្រវឹង បានសារភាពខ្លួនឯងថា គាត់ខំកុហកប្រពន្ធប្រាប់ថាទៅធ្វើការថែមម៉ោងពេលរសៀល ទើបបានចេញទៅជួបជុំមិត្តភ័ក្រផឹកសុីនៅផ្លូវវេងស្រេង អស់៧កំប៉ុង ស្រវឹងដាក់លែងចូល សុំទៅផ្ទះមុនគេ ជិះតាមផ្លូវជាតិលេខ៣ពីជើងទៅត្បូងដល់ចំណុចខាងលើ ជួបរឿងបែបនេះ ជាក្តីព្រួយបារម្ភ ដល់ផ្ទះដឹងតែប្រពន្ធស្តីបន្ទោសហើយ ។

ក្រោយកើតហេតុ ជនរងគ្រោះនៅទ្រេតទ្រោតនៅឡើយ ទើបពលរដ្ឋ សមត្ថកិច្ច ឃាត់ឲ្យនៅមួយកន្លែង រួចទាក់ទងទៅក្រុមគ្រួសារមកទទួលវិលទៅផ្ទះវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.