ភ្នំពេញ៖តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ បើករថយន្តម៉ាកសាំយ៉ុង មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-7847 ធ្វើដំណើរតាមបណ្ដោយផ្លូវ 205 ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ផ្លូវបំបែកជាបួន កែងជាមួយផ្លូវលេខ 388 ក៏មានបុរសជាជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក alphart មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-5789 ធ្វើដំណើរ ក្នុងទិសដៅពីលិចមកកើត បុកពេញយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្ត Alphart រងការខូចខាតខ្ទេចមួយកំណាត់មុខ។ ឯរថយន្តម៉ាក់សាំយុង ខ្ទាត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបែកបាក់ថូផ្កាខ្ទេចខ្ទី និងទ្វារផ្ទះ។ តែជាសំណាងល្អក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 2:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ត alphart ព្រមចេញថ្លៃសងការ ខូចខាតទៅភាគីរថយន្ដសាំយ៉ុង ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត

Share.