ភ្នំពេញ៖មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋដែលសង់ពីឈើខាងលើ ថ្មក្រោមអស់ចំនួន ១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នារងការខូចខាតស្ទើរពាក់កណ្ដាល បង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីបង្ការ ពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ នាវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង៥៣ ក្នុងភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅយប់កើតហេតុ គេឃើញមានផ្សែងហុយ លាយឡំនឹងអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរងគ្រោះដែលធ្វើពីឈើខាងលើ ថ្មក្រោម រួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះប្រមូលសម្ភារៈមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់ ។

 បន្ទាប់ពីទទួលបានព័ត៌មាន នៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យជាច្រើននាក់ ចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើទឹកអស់ចំនួន០៦ឡាន ប្រើពេលវេលាប្រមាណ១ម៉ោងក៏បាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះខាងលើគឺឧស្សាហ៍ទុស្សេខ្សែភ្លើងណាស់ ហើយនៅយប់កើតហេតុនេះក៏កើតចេញពីការទុស្សេខ្សែរភ្លើងដែរ ទើបបណ្ដាលឲ្យមានការឆាបឆេះផ្ទះសង់ពីឈើខាងលើ ថ្មខាងក្រោមចំនួន១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នាខូចខាតស្ទើរអស់ពាក់កណ្ដាល តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.