ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការទៅលើ សំណង់ សំយាប តូប រោង ស្លាកប៉ាណូ ដែលសង់រំលោភទៅលើចំណីផ្លូវសាធារណៈ តាមផ្លូវអង្គតាមុិញ មហាវិថីចោមចៅ ដោយកាត់ វាយ ចេញ ក្រោយពីបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលសហការជាអាជ្ញាធរ ។

តាមមន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា កន្លងមកអាជ្ញាធរ សង្កាត់ ខណ្ឌ បានណែនាំដល់ពលរដ្ឋ រាល់សំណង់ ដំបូល សំយាប រោង ដែលសង់ប៉ះពាល់លើចំណីផ្លូវសាធារណៈ តម្រូវឲ្យម្ចាស់ទីតាំងស្ម័គចិត្តរុះរើចេញដោយខ្លួនឯង លុះមកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ មានសំណង់មួយចំនួន ម្ចាស់មិនបានរុះរើ ទើបកម្លាំងអាជ្ញាធរ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះវាយ សំណង់ កាត់ស្លាកប៉ាណូ សំណង់ សំយ៉ាប ចេញពីលើចំណីផ្លូវ ។

អាជ្ញាធរបានឲ្យដឹងផងដែរថា កន្លងមកមានសំណង់ តូប រោង មួយចំនួន សាងសង់ប៉ះពាល់មកលើចិញ្ចើមផ្លូវ ដែលបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពដងផ្លូវ ត្រូវបានអាជ្ញាធរហាមឃាត់ ពលរដ្ឋមួយចំនួនស្តាប់តាមការណែនាំ មួយចំនួនបន្តសាងសង់ ទើបខាងអាជ្ញាធរចាត់វិធានការ វាយ រុះរើ ចេញពីចិញ្ចើមផ្លូវវិញ ៕

អត្តបទ៖តាតុង សែនជ័យ

Share.