កំពត ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្តកំពត ក្រោមការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៍ស្នងទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត សហការស្រាវជ្រាវតាមចាប់ខ្លួនបាន ពាក់ព័ន្ធបទល្មើសឆក់ខ្សែក កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យមានគ្នា ០៣នាក់ ទី១ ឈ្មោះ សុប យូសុះ ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោតក្រុងបូកគោ ។ ទី២ ឈ្មោះ សាក់ ឌុលសារីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ។ ទី៣ ឈ្មោះ សាយ ថង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះទន្សែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ក្រុមជនសង្ស័យប្រើប្រាស់ម៉ូតូ០២គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2FB-2987 និង ម៉ាកហុងដាឌ្រីម ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1I-1385 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច រត់គេចខ្លួនបាត់ កម្លាំងនគរបាលស្រុកទឹកឈូ កម្លាំងជំនាញស្នងការខេត្ត កម្លាំងក្រុងបូកគោ សហការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ចាប់ខ្លួនបាន៣នាក់ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅផ្នែកជំនាញ ស្រុកទឹកឈូ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.