ភ្នំពេញ៖បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿងពណ៌សលាយខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HX-5081 ធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រ ក្នុង ទិសដៅពីត្បូងទៅជើង។លុះមកដល់ ចំណុចកើតហេតុ ក៏ដួលបោកនឹងថ្នល់ ត្រូវរថយន្តធុនធំមួយគ្រឿង បើក បរដោយបុរសម្នាក់ កន្ទុយពាក់ស្លាកលេខព្រះសីហនុ 4A-1642 ចំណែកក្បាលពាក់ស្លាកលេខព្រះសីហនុ 3A-2718 ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកកិនអូសជាង 200 ម៉ែត្រ បណ្ដាលឱ្យម៉ូតូរងការខូចខាត។ ឯបុរសជាអ្នកបើកបរម៉ូតូ ត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ភ្លាមៗអត្តសញ្ញាណជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ចស្គាល់នោះទេ ដោយមានភិនភាគ ស្លៀកខោកាប៊យជើងវែងពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចនាំយករថយន្ត និងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ។

សពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ លី សុភ័ស្ត

Share.