ភ្នំពេញ៖ អតីតយោធា ដែលបាញ់សម្លាប់គូដណ្ដឹងរបស់ខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់រយៈពេលជាង ២ឆ្នាំ និងត្រូវចាប់បាននៅប្រទេសថៃ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញPJ កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ តាមអំណាចសាលក្រមកំបាំងមុខផ្តន្ទាទោស ដាក់ពន្ធនាគារ១៥ឆ្នាំ ពីបទ ឃាតកម្ម និងរង់ចាំការបើកសវនាការលើបណ្ដឹងទាស់របស់ ពិរុទ្ធជនរូបនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២ ។

ជនជាប់ចោទឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ជាប់ចោទពីបទ ឃាតកម្ម ប្រព្រឹត្តិទៅលើ ជនរងគ្រោះជាគូដណ្ដឹង ឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅទីតាំងផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនជាប់ចោទត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបានកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ នៅខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា៕

អត្ថបទ៖ចតុមុខ

Share.