ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ឈ្មោះ ឡេង ធារ៉ា អាយុ៣៥ ឆ្នាំ មុខរបរ ជាជាងច្នៃម៉ូដសម្លៀកបំពាក់ មានទីលំនៅផ្ទះ ១c ផ្លូវលេខ ៥c ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទគំរាមកំហែងថានិងសម្លាប់ និងបរិហាកេរ្តិ៍ (អតីតសង្សារ)។

សូមបញ្ជាក់ថា ការឃាត់ខ្លួនបុរសរូបនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានស្ត្រីម្នាក់អតីតជាសង្សារជនសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់ទៅលើឈ្មោះ ឡេង ធារ៉ា ពីបទ.គំរាម កំហែងថានិងសម្លាប់ និងបទ.បរិហារកេរ្តិ៍ ។

ក្រោយពីទទួលបានពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បានចេញលិខិតកោះហៅឈ្មោះ ឡេង ធារ៉ា ចំនួន២ លើក ដើម្បីឲ្យចូលខ្លួនទៅផ្តល់ចម្លើយតាមពាក្យបណ្តឹងនោះ តែជនសង្ស័យបានគេចវេះ មិនចូលខ្លួនតាមការកោះហៅរបស់សមត្តកិច្ចទេ ។ ដូច្នោះហើយទើបសមត្តកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យឈ្មោះ ឡេង ធារ៉ា ចូលខ្លួន ដើម្បីសាកសួរជុំវិញការចោទប្រកាន់ ។

បន្ទាប់មកតំណាងអយ្យការបានចេញដីកាបញ្ជាឲ្យចូលខ្លួនហើយកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បានទៅចាប់ខ្លួនឈ្មោះ ឡេង ធារ៉ា នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែម្តង ។ ពេលចាប់ខ្លួនជនសង្ស័យបានឆ្លើយនៅសមត្តកិច្ចថា កាលអំឡុងឆ្នាំ២០១៧ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស ៦ខែ ពាក់ពន្ធករណី.កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ។ ជនសង្ស័យបានបដិសេធចំពោះពាក្យបណ្តឹង របស់អតីតសង្សារ ដែលបានប្តឹងចោទប្រកាន់ថាខ្លួនជាអ្នកបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ និងហែកអាខោនហ្វេសប៊ុករបស់ដើមបណ្តឹងដាក់ឈ្មោះផ្សេងនោះ ខ្លួនមិនបានប្រព្រឹត្តឡើយ ៕

អត្ថបទ៖ចតុមុខ

Share.