ភ្នំពេញ ៖ អគ្គិភ័យលេបត្របាក់ទ្រព្យសម្បត្តិ របស់របរ អីវ៉ាន់សម្រាប់លក់ដូរ ស្ទើរទាំងស្រុង ដែលមាននៅក្នុងផ្ទះ គិតជាទឹកប្រាក់អស់ជាង៣មុឺនដុល្លារ ដោយសារទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ អ្នកភូមិ នាំគ្នាជួយយកទុយោទឹក បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ជួយបាញ់ទឹកបន្ថែមទៀត ទើបភ្លើងរលត់ទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុងQMI ទល់មុខផ្សារត្រពាំងពោធិ៍ ក្រុមទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្ទះទទួលរងអគ្គិភ័យឆាបឆេះ សង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៨ម៉ែត្រ ជាផ្ទះលក់ដូរគ្រឿងជ័រ អីវ៉ាន់ចាប់ហួយ ដែលមានម្ចាស់ឈ្មោះ ហុង សុខឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ និង ប្រពន្ធឈ្មោះ ចយ ភីន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពពីស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងនាំគ្នារៀបចំអុីវ៉ាន់នៅផ្នែកខាងក្រោម សម្រាប់ បើកលក់ដូរ ស្រាប់តែនៅលើជាន់ឡៅតឿ ទុស្សេខ្សែភ្លើង ហុយទ្រលោម ឆេះដល់អុីវ៉ាន់ ចេញជាអណ្តាតភ្លើង រាលដល់ក្រោម ភ្លើងឆេះលឿនក៏ដោយសារក្នុងផ្ទះ ទាំងនៅលើឡៅតឿ និងខាងក្រោម ដាក់សុទ្ធតែអុីវ៉ាន់ បង្កឲ្យផ្អើលពលរដ្ឋក្បែរខាង នាំគ្នាជួយ យកទុយោបាញ់ទឹក បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តសាលាខណ្ឌពោធិ៍សែនជ័យ ចេញទៅជួយបាញ់ទឹកបន្ថែមទៀត ឲ្យភ្លើងរលត់ទៅវិញ ។

សម្ភារៈអុីវ៉ាន់ គ្រឿងជ័រ ក្នុងផ្ទះត្រូវបានភ្លើងឆេះស្ទើទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួស ហើយក៏មិនរាលដាលដល់ផ្ទះផ្សេងដែរ ។ ខាតបង់អស់ អុីវ៉ាន់ ស្មើ២៥០០០ដុល្លា លុយខ្មែរអស់២លានរៀល និង ២០០ដុល្លា ៕

អត្ថបទ៖តាតុង សែនជ័យ

Share.