ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក honda vision ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-5411 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីត្បូងមកជើង. លុះមកដល់ចំណុចផ្លូវរទេះភ្លើង ក៏សុីញូបត់ឆ្វេង ស្រាប់តែត្រូវរថយន្តសាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខ បើកក្នុងទិសដៅបញ្ច្រាស់គ្នា មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សខ្ទាតជាង 10 ម៉ែត្រ រងការខូចខាតម៉ូតូយ៉ាងដំណំ ឯអ្នកបើកបរបានបាត់បង់អាយុជីវិតភ្លាមៗ នៅលើដងផ្លូវ។


សពជនរងគ្រោះមានឈ្មោះ យឿន សុវណ្ណ ភេទប្រុស អាយុ 50 ឆ្នាំ មានមុខរបរជាមន្ត្រីយោធា បច្ចុប្បន្នស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 3:10 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ច នគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំយកម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំស្វែងរករថយន្តបង្ក ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ត្រយងតូច

Share.