ការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើមជ្ឈមណ្ឌលអប់រំមួយកន្លែងក្នុងទីក្រុង កាប៊ុល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ដោយភាគច្រើនត្រូវបានគេជឿថា ជាស្រ្តីវ័យក្មេង ដែលជាសញ្ញាចុងក្រោយបញ្ជាក់ពីស្ថានភាពសន្ដិសុខកាន់តែយ៉ាប់យ៉ឺនក្នុងរដ្ឋធានី អាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃ សុក្រ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។

ការផ្ទុះនេះបានកើតឡើងនៅមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងសង្កាត់ Hazara ដែលជាតំបន់សម្បូរជនជាតិភាគតិច ហើយបានប្រឈមមុខនឹងការគាប់សង្កត់ជាយូរមកហើយ។

សិស្សានុសិស្សកំពុងប្រលងចូលសាកលវិទ្យាល័យ នៅម៉ោង ៧:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលការផ្ទុះបានកើតឡើងជាលើកដំបូង នេះបើយោងតាមអ្នកនាំពាក្យប៉ូលីស ទីក្រុង កាប៊ុល លោក Khalid Zadran បានទីភ្នាក់ងារសារព័ត៌មាន CNN។

លោក Abdu Ghayas Momand វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Ali Jinah បាននិយាយថា មនុស្សចំនួន ២៣នាក់ បានស្លាប់ និង ៣៦នាក់ទៀត រងរបួសក្នុងហេតុការណ៍នេះ ហើយពួកគេត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យរបស់លោក។

គួរបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ចំណែកការវាយប្រហារជាបន្តបន្ទាប់ក្នុងទីក្រុងកាប៊ុល បានឆក់យកជីវិតមនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ដោយកាលពីដើមខែនេះ បុគ្គលិកស្ថានទូតរុស្ស៊ី ២នាក់ ស្ថិតក្នុងចំណោមមនុស្ស ៦នាក់ ដែលត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតជិតស្ថានទូតរុស្ស៊ី ហើយកាលពីខែសីហា មានការផ្ទុះនៅវិហារឥស្លាមអំឡុងការអធិស្ឋានពេលល្ងាច បានសម្លាប់មនុស្ស ២១ នាក់ និង ៣៣ នាក់ទៀតរងរបួស៕

ប្រភព៖ CNN

Share.