ស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១២១កន្លែង នៅក្នុងទីក្រុង ហូជីម៉ិញ ឬ ២០ភាគរយ នៃអ្នកលក់ប្រេងឥន្ទនៈរបស់ទីក្រុងនេះ គឺ លែងមានសាំងលក់ហើយ កាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ ព្រោះតែអ្នកលក់ដុំ មិនអាចបំពេញតាមតម្រូវការរបស់ពួកគេទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃ អង្គារ ទី ១១ ខែ តុលា ឆ្នាំ ២០២២។

ស្ថានីយ៍ជាច្រើនដែលគ្មានហ្គាស និង ប្រេងឥន្ទនៈលក់ គឺមានទីតាំងនៅជាយក្រុង រួមមានដូចជា៖ សង្កាត់ Binh Chanh ៨កន្លែង , សង្កាត់ Binh Tan ១៥កន្លែង និង ទីក្រុង Thu Duc ២១កន្លែង។

នាយកដ្ឋានឃ្លាំមើលទីផ្សាយទីក្រុង ហូជីម៉ិញ បាននិយាយកាលពីថ្ងៃ ច័ន្ទ ថា ស្ថានីយ៍ប្រេងឥន្ទនៈភាគច្រើនដែលគ្មានប្រេងឥន្ទនៈនៅក្នុងស្ដុក គឺមានទំហំមធ្យម និង តូច។ ជាមួយគ្នានេះ អ្នកផ្គត់ផ្គង់ផលិតផលប្រេងជាច្រើនបាននិយាយថា ដោយសារតម្លៃលក់រាយធ្លាក់ចុះ នាំឲ្យខាតបង់កាន់តែច្រើន។

លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភា បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់សភា កាលពីថ្ងៃ ច័ន្ទ ថា ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនអនុញ្ញាតឲ្យអតិថិជន ចាក់សាំងត្រឹមតម្លៃ ៥០,០០០ដុង (២.០៩ដុល្លារ) តែប៉ុណ្ណោះ។

អ្នកលក់រាយបាននិយាយថា ការទម្លាក់ថ្លៃលក់រាយដែលកំណត់ដោយរដ្ឋាភិបាល បង្ខំឲ្យពួកគេលក់ទាំងខាត។ ក្រុមអាជីករលក់ប្រេងសាំង កំពុងខាតបង់ពី ១០០ ទៅ ៣០០លានដុង ស្មើនឹង (៤,១៦៦ ដល់ ១២,៥០០ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ទនៈតូចៗ និង ខាត ៥០០លានដុង នៅស្ថានីយ៍ប្រេងឥន្ទនៈធំៗ ដោយសារកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទតែម្ដង ប្រសិនបើអ្វីៗមិនប្រសើរឡើងនៅក្នុងសប្ដាហ៍នេះទេនោះ។

មិនត្រឹមតែទីក្រុង ហូជីម៉ិញទេ ដែលប្រកាសគ្មានប្រេងឥន្ទនៈលក់, ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃ ច័ន្ទថា ស្ថានីយ៍ប្រេងឥន្ទនៈនៅខេត្តភាគខាងត្បូងមួយចំនួន ដូចជា៖ An Giang , Dong Thap , Binh Duong និង កន្លែងផ្សេងទៀត ក៏កំពុងអស់ប្រេងឥន្ទនៈផងដែរ។

ការនាំចូលប្រេងសាំងបានធ្លាក់ចុះ ៤០ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសមុន ខណៈការនាំចូលប្រេងម៉ាស៊ូតបានធ្លាក់ចុះ ៣៥ភាគរយ។

យោងតាមការសិក្សារបស់សារព័ត៌មាន VN Express បានរកឃើញថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយចំនួយស្ថានីយ៍ប្រេងឥន្ទនៈដែលអស់ស្ដុក នៅតែបន្ដកើនឡើងគិតត្រឹមល្ងាច ថ្ងៃ ច័ន្ទ សប្ដាហ៍នេះ។

យ៉ាងណាម៉ិញ ក្រសួងឧស្សាកម្ម និង ពាណិជ្ជកម្ម បាននិយាយថា កង្វះខាតប្រេងសាំងមិនរីករាលដាលទេ ដោយសារតែមានស្ថានីយ៍ប្រេងឥន្ទនៈសរុបចំនួន ១៧,០០០កន្លែង ក្នុងប្រទេសវៀតណាម ហើយមានតែស្ថានីយ៍ជាង ១០០កន្លែង ប៉ុណ្ណោះ ដែលកំពុងដំណើរការ៕

ប្រភព៖ VN Express

Share.