មន្រ្តីក្នុងតំបន់រងគ្រោះបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ ពុធ នេះ មនុស្សចំនួន ៣៦នាក់ បានស្លាប់ ដោយសារការរអិលបាក់ដីនៅខេត្ត Aragua ភាគខាងជើងនៃប្រទេសវ៉េណេស៊ុយអេឡា កាលពីល្ងាចថ្ងៃ សៅរ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailysabah នាថ្ងៃ ពុធ ទី ១២ ខែ តុលា ឆ្នាំ ២០២២។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Remigio Ceballos បានប្រាប់អ្នកសារព័ត៌មានថា «ជាអកុសល មនុស្សចំនួន ៣៦នាក់ បានបាត់បង់ជីវិត ខណៈមនុស្ស ៥៦នាក់ទៀត កំពុងបាត់ខ្លួន»។

ដោយឡែកមុនការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្ដិច អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Delcy Rodriguez បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២នាក់ និង ៥២នាក់ កំពុងបាត់ខ្លួន។

លោក Delcy បានបន្ដថា ចូលដល់ខែ តុលា នេះ ភ្លៀងបានបន្ដធ្លាក់ស្ទើរតែរាល់ថ្ងៃ ហើយកាលពីថ្ងៃ អង្គារ៍ សប្ដាហ៍នេះ ភ្លៀងបានបន្ដធ្លាក់ប្រហែល ៨ម៉ោងជាប់គ្នា បង្កឲ្យមានទឹកជំនន់ និង នាំឲ្យមានការរអិលបាក់ដីសង្កត់ផ្ទះប្រជាជន សម្លាប់មនុស្ស និង ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនផងដែរ។

រហូតមកដល់ពេលនេះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិនៅក្នុងទីប្រជុំជន Las Tejerias ក្នុងខេត្ត Aragua ប្រទេសវ៉េណេស៊ុយអេឡា កំពុងបង្កើនការជួយសង្រ្គោះមនុស្ស និង ស្វែងរកអ្នកបាត់ខ្លួនជាបន្ដ៕

ប្រភព៖ Dailysabah

Share.