​​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹង​ចាប់​ដំណើរ​ទៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២២ តទៅ ដោយ​មាន​ក្រុម​​បាល់ទះ​ជា​​សមាជិក​ទាំង​១១ក្រុម ដើម្បី​ដណ្តើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។

ក្រុម​ទាំង​១១ បាន​​ចាប់​ឆ្នោត​បែងចែក​ជា​៤​ពូល ៖
ពូល A៖ រដ្ឋបាល​រាជធានី​ភ្នំពេញ, សមាគម​បាល់ទះ​វិសាខា, ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
ពូល B៖ បញ្ជាការដ្ឋាន​កង​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ, ស្នងការ​នគរបាល​ខេត្ត​សៀមរាប
ពូល C៖ ក្លិប​កងពលធំ​អន្តរាគមន៍​​លេខ៣, ក្លិប​កូននាគ​ឧត្តរ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ
ពូល D៖ សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង

សម្រាប់កម្មវិធីប្រកួតសរុប សូមចុះមើលនៅទីនេះ…

លោក​ តែន ឡន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បញ្ជាក់​​ថា​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​នេះ​មាន ៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ជា​ដំបូង​នេះ​ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ ដែល​ការ​ប្រកួត​វិលជុំ ហើយ​ក្រុម​ដែល​ឈ្នះ មាន​ឈ្មោះ​បន្ត​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​នឹង​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ)។ សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖
​ក្រុម​ជើងឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ជើង​ឯក​រង មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
លេខ៤៖ ថវិកា ២ពាន់ដុល្លារ

អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​ក្នុង​​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ​ ក៏​មាន​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២គូ​ដែរ ដោយ​ក្នុង​នោះ​៖
-១៥ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ សិង្ហបុរី វេលា​ម៉ោង​៧​យប់
-២០ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ គុយបា វេលា​ម៉ោង​៧យប់

សម្រាប់​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០២២ នេះ​មាន៖
-ម៉ោង៥ល្ងាច បញ្ជាការដ្ឋាន​កង​អង្គរក្ស ប៉ះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ
-ម៉ោង​ ៧យប់ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ប៉ះ ជម្រើសជាតិ​សិង្ហបុរី

Share.