រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងបញ្ចេញប្រេងពីទុនបម្រុងយុទ្ធសាស្រ្តចំនួន ១៥លានបារ៉ែល នៅខែ ធ្នូ នេះ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងសាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃ ពុធ ទី ១៩ ខែ តុលា ឆ្នាំ ២០២២។

ផែនការនេះ គឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២លានបារ៉ែល ក្នុង១ថ្ងៃ។ រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងផែនការនេះ ព្រោះវាអាចជំរុញតម្លៃឧស្ម័នមានការកើនឡើង។

សេតវិមានបាននិយាយថា លោកប្រធានាធិបតី Joe Biden នឹងធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលលោកអាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃឧស្ម័ន ហើយនឹងពិចារណាបញ្ចេញប្រេងទ្រង់ទ្រាយធំផ្សេងទៀតពីទុនបម្រុងរបស់ខ្លួន ប្រសិនបើចាំបាច់។

ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលលោក Biden ទំនងជាចង់បញ្ចុះតម្លៃនៅពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅពេលខាងមុខ។ ប៉ុន្ដែវានៅមិនទាន់ច្បាស់នៅឡើយថា តើការបញ្ចេញប្រេងនេះ នឹងប៉ះពាល់ដល់តម្លៃប៉ុន្មាននោះ នៅពេលដែល OPEC Plus កាត់បន្ថយការផលិត៕

ប្រភព៖ NHK

Share.