ក្រុមការងារស្ថានីយ(ទឹកស្អាតទីប្រជុំជន)កំពុងពន្លឿនដាក់ប្រព័ន្ធទុយោមេដើម្បីឈានទៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០២១ ខណៈដែលទីតាំងស្ថានីយទាំងមូលសាងសង់បាន៩០%។

ក្រុមមន្ត្រីស្នើឱ្យប្រជាពលរដ្ឋដែលនៅតាមដងផ្លូវយោគយល់ដល់ក្រុមការងារដែលធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍និងខូចខាត ផលប្រយោជន៍ខ្លះៗនៅមុខផ្ទះ របស់ខ្លួន។

លោកសន ចន្ធី អនុប្រធានគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា៖នេះជាស្ថានីយទឹកស្អាតដ៏ធំទីមួយ បានសាងសង់ឡើងនៅលើផ្ទៃដីជាង(១៧.០០០ម៉ែត្រការ៉េ)ដែលមានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ដែលអាចគ្រប់ដណ្តាប់និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងប្រើប្រាស់បាន ព្រោះទីតាំងស្ថានីយនេះមានរយៈកម្ពស់រហូតទៅដល់ ៥៥ម៉ែត្រ។

លោកបន្តថា ក្រុមការងារបានពន្លឿនការកប់ទុយោមេឱ្យបានរួចរាល់នៅចុងឆ្នាំ២០២១ព្រោះបច្ចុប្បន្នសម្រេចបាន៣៥%ហើយ   ដើម្បីត្រៀមបើកដំណើរការឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងបានប្រើប្រាស់មុនគេ   ទើបបោះជំហានទីតាមបណ្តាស្រុកបន្ថែម។  

លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែង ស្នើឱ្យអាជ្ញាធរនៅតាមសង្កាត់នីមួយៗជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្តបានដឹងនូវបញ្ហានេះ  និងនាំគ្នាចូលរួម ប្រើប្រាស់ទឹកស្អាតពីស្ថានីយថ្មី   ដើម្បីលើកកម្ពស់សុខភាពរស់នៅឱ្យបានប្រសើរឡើងក្នុងពេលខាងមុខឆាប់នេះ៕

អត្ថបទ៖វិមានមាសសេសាន្ត

Share.