ប្អូនស្រីអ្នកនាង ខាត់ សុឃីម គឺ ខាត់ សួស្ដី បានអះអាងថា តម្រូវការវង់តន្ត្រីបុរាណខ្មែរហាក់មានសន្ទុះទីផ្សារច្រើនជាងមុន ខណៈតាមហាង ផាប់ និងភោជនីយដ្ឋាន កំពុងតែផ្សាភ្ជាប់រៀបចំតន្ត្រីខ្មែរដើម្បីបំពេញចិត្តរបស់ភ្ញៀវឱ្យកាន់តែច្រើនឡើងៗ។ សព្វថ្ងៃនេះ ក្រុមចម្រៀងតន្ត្រី ត្រកូលខាត់ ក៏កំពុងត្រូវប៉ាន់ដូចគ្នា ដោយមិនរំពឹងតែចំពោះរដូវរៀបការដូចមុនទេ។
ប្អូន ស្រីរបស់អ្នកនាង ខាត់ សុឃីម រូបនេះថា សព្វថ្ងៃកំពុងច្រៀងនៅ អ័រគីដេផាប់ នាងពេញចិត្តធ្វើការនៅទីនោះព្រោះទីតាំងនិងការឌីហ្សាញមានសោភណ្ឌភាពទាក់ទាញ ហើយជាពិសេសថៅកែហាងគាត់ស្រលាញ់និងជួយលើកស្ទួយតន្រ្ដីបុរាណខ្មែរ។ ខាត់ សួស្ដី និយាយថា ខ្លួនពិតជាសរសើរដល់ទឹកចិត្តរបស់ថៅកែ ដែលមិនមើលរំលងវង់ភ្លេងបុរាណ ដោយឱ្យក្រុមចម្រៀងតន្ត្រី ត្រកូលខាត់ មកលេងកំដរបម្រើដល់អារម្មណ៍ភ្ញៀវ។
ខាត់ សួស្ដី បានបន្តអះអាងថា ចំពោះតម្លៃវង់ភ្លេងខ្មែរ ទោះបីជាមានតម្លៃថ្លៃជាងវង់ភ្លេងសម័យបន្តិចមែន ក៏ប៉ុន្តែការបម្រើសេវាកម្មវិញ គឺបំពេញឱ្យស័ក្ដសមជាមួយនឹងតម្លៃ។ រាល់ថ្ងៃនេះ សួស្ដី សង្កេតឃើញថា មានហាងជាច្រើនកំពុងតែរៀបចំក្រុមភ្លេងប្រចាំហាង ដោយមានឱ្យលាយបញ្ចូលជាមួយវង់ភ្លេងបុរាណខ្មែរ។ ដូច្នោះហើយ ក្រុមវង់ភ្លេងខ្មែរ មិនចាំបាច់តែរំពឹងទីផ្សារចំពោះតែរដូវប្រាំងជារដូវសំបូរកម្មវិធីរៀបមង្គលការដូចមុនទៀតទេ។ ទោះជារដូវវស្សាក៏អាចច្រៀង ប្រគំតាមហាង ឬផាប់ បានផងដែរ។
លោក ច័ន្ទ យ៉ាដារ៉ន ជាថៅកែហាង អ័រគីដេផាប់ បានឲ្យដឹងថា ហាងរបស់លោកមានតារាចម្រៀងដូចជា ក្រុមត្រកូលខាត់ លោក ចាន់ វិបុល លោក សុខសាន្ដ លោក ពិសិដ្ឋ រាជ អ្នកនាង លក្ខិណា និង សុខ ណាឃី ដែលជាអតីតបេក្ខភាពប្រឡងចម្រៀងកម្មវិធីលំដាប់ពិភពលោក។
លោកបានបើកភោជនីយដ្ឋានរយៈពេល ៦ឆ្នាំមកហើយ ទើបរហូតជោគជ័យមកបើកផាប់នេះតែម្ដង បានទើបតែ៣ខែប៉ុណ្ណោះ។ ហើយលោកមើលឃើញថា ការប្រគុំតន្ដ្រីបុរាណធ្វើឲ្យភ្ញៀវទទួលបានរសជាតិថ្មីអារម្មណ៍ប្លែកមួយបែបទៀត ពិសេសគឺអ្នកមានវ័យកណ្ដាលឡើងទៅ។ ផាប់របស់លោកមានដាក់តន្រ្ដីបុរាណចាប់ពីថ្ងៃសុក្រ ដល់អាទិត្យ តែថ្ងៃក្រោយបើមានភ្ញៀវច្រើននឹងអាចដាក់ពេញ១សប្ដាហ៍តែម្ដង។ លោកថាផាប់នេះ បើក១អាទិត្យពេញចាប់ពីថ្ងៃច័ន្ទដល់អាទិត្យ ពីម៉ោង៧ដល់១២យប់ ហើយភ្ញៀវដែលអញ្ចើញមកមានអ្នកសិល្បករផង និងភ្ញៀវទូទៅផង រីឯទីតាំងវិញក៏ស្រួលរកគឺនៅខាងក្រោយណតប្រីដ ជាប់បុរីអ័រគីដេ តែម្ដង។






