សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារដ្ឋាភិបាលអាមេរិកនាំរថយន្តមកប្រើនៅកម្ពុជាសម្រាប់ប្រធានាធិបតី ចូ បៃដិន ចូលរួមកិច្ចប្រជុំអាស៊ាន នាសប្ដាហ៍ក្រោយនេះ មិនមែនមានន័យថាអាមេរិកមិនទុកចិត្តកម្ពុជានោះទេ។ ការថ្លែងរបស់សម្ដេចគឺបន្ទាប់ពីរថយន្តអាមេរិកជាបន្តបន្ទាប់ត្រូវបានដឹកតាមយន្តហោះយោធាមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ពីវេទិកាអធិបតីនៃពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេបានមានប្រសាសន៍ថា«អាមេរិកគាត់ទៅណា មិនមែនគ្រាន់តែកម្ពុជា គាត់មិនទុកចិត្តកម្ពុជាទេ គាត់ទៅ[ប្រទេស]ណាក៏ដោយ គាត់ដឹកឡានរបស់គាត់ទៅ[ប្រើ] ហើយអាចនឹងបើថាប្រធានាធិបតី ពូទីន របស់រុស្សីមក ក៏គាត់ដឹកឡានរបស់ពួកគាត់មកដែរ ជាទម្លាប់របស់ពួកគាត់»។

បើតាមសម្ដេចតេជោ ជំនួបមេដឹកនាំកំពូលៗនៅប្រទេសកម្ពុជានេះ មិនមែនជាបញ្ហាតូចតាចទេសម្រាប់ប្រទេសនៅក្រីក្រដូចកម្ពុជា ប៉ុន្តែសម្ដេចចង់ឱ្យជនរួមជាតិដឹងច្បាស់ថាដោយសារកម្ពុជាមានសន្តិភាព ទើបមិត្តភក្ដិបរទេសហ៊ានមក។ សម្ដេចបន្តថា«ដោយសារតែកម្ពុជាពុំមានសកម្មភាពវាយប្រហារភេវរកម្ម ការពារបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទើបមិត្តភក្ដិបរទេសមកប្រជុំ ពិសេសក្រុមប្រទេសមហាអំណាច»។

សេតវិមាននៃរដ្ឋាភិបាលអាមេរិក បានប្រកាសឱ្យដឹងថាឯកឧត្តមប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជានាថ្ងៃទី១២ និង១៣​ ខែវិច្ឆិកា ដើម្បីចូលរួមក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងមេដឹកនាំអាស៊ាន និងប្រទេសដៃគូអាស៊ានផ្សេងទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលជាបណ្ដាញសារព័ត៌មានមួយរបស់រដ្ឋ យ៉ាងហោចណាស់មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសចំនួន១៩ នឹងមានវត្តមានមកចូលរួមកិច្ចប្រជុំអាស៊ាន។ ឯកឧត្តម លុយ ដាវីដ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាត់ទុកបញ្ហាសន្តិសុខ និងភស្តុភាកម្ម ក៏ដូចជាពិធីការ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីធ្វើយ៉ាងណា​ឱ្យថ្នាក់ដឹក​នាំទាំងអស់ទទួលបាននូវអារម្មណ៍កក់ក្តៅ មានសុវត្ថិភាព មានផាសុខភាព។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំតំបន់ និងពិភពលោក បានចាប់ផ្តើមបញ្ជាក់មកកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ជាបន្តបន្ទាប់ថានឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជានឹងចេញសេចក្ដីប្រកាសព័ត៌មានដើម្បីជម្រាបជូនអំពីវត្តមានឥស្សរជនបរទេសដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះជាផ្លូវការ៕

Share.