ប្រជាជននៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន កំពុងតម្រង់ជួរគ្នាដើម្បីយកទឹកប្រើប្រាស់ បន្ទាប់ពីមីស៊ីលរុស្ស៊ីបានវាយប្រហារទីតាំងសំខាន់ៗនៅទូទាំងប្រទេសកាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ អង្គារ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ការធ្វើបច្ចុប្បន្នភាពពេលល្ងាចពីអភិបាលក្រុង លោក Vitaliy Klitschko បាននិយាយថា ៤០% នៃអ្នកប្រើប្រាស់ក្នុងទីក្រុង Kyiv នៅតែគ្មានទឹកប្រើប្រាស់ ហើយផ្ទះចំនួន ២៧០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។

អ៊ុយក្រែនបាននិយាយថា មនុស្ស ១៣នាក់ បានរងរបួសនៅក្នុងការវាយប្រហារទូទាំងប្រទេស ខណៈរុស្ស៊ីអះអាងថា ការវាយប្រហារនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងយោធា ​និង ថាមពលរបស់អ៊ុយក្រែន ហើយគោលដីទាំងអស់ត្រូវបានកម្ទេចចោល។

របាយការណ៍ចុងក្រោយរបស់អ៊ុយក្រែននាពេលល្ងាចថ្ងៃ ច័ន្ទ បានឲ្យដឹងថា មានការបាញ់ទម្លាក់មីស៊ីលចំនួន ៤៥គ្រាប់ ក្នុងចំណោមមីស៊ីល ៥៥គ្រាប់ ដែលត្រូវបានបាញ់បង្ហោះ។

ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានននិយាយថា ប្រជាជនអ៊ុយក្រែនជាទូទៅត្រូវបានជំរុញឲ្យកាត់បន្ថយនូវការប្រើប្រាស់អគ្គិសនី ដោយត្រូវសន្សំសំចៃ ព្រោះតែរុស្ស៊ីបានផ្ដោតបាញ់មីស៊ីលកម្ទេចរោងចក្រថាមពលរបស់ខ្លួន។

នៅទីក្រុង Kyiv ភ្លើងតាមដងផ្លូវត្រូវបានបិទ ហើយឡានក្រុងអគ្គិសនី ត្រូវបានជំនួសវិញដោយឡានក្រុងធម្មតា។ ការតម្រង់ជួរដ៏វែង ត្រូវបានគេឃើញនៅទូទាំងទីក្រុង ខណៈដែលអ្នកស្រុកបាននាំគ្នាតម្រង់ជួរ ដើម្បីយកទឹកពីអណ្ដូងស្នប់ បន្ទាប់ពីការផ្គត់ផ្គង់ផ្ទាល់របស់ពួកគេត្រូវបានកាត់បន្ថយ។

អ្នកប្រើប្រាស់ ៨០% នៃទីក្រុង កៀវ ត្រូវបានគេនិយាយថា ត្រូវបានគេទុកចោលដោយគ្មានទឹកផឹក ក្រោយពេលដែលមានការវាយប្រហារពីរុស្ស៊ី។

ក្រៅពីរដ្ឋធានី តំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយការវាយប្រហាររួមមាន Lviv, Dnipropetrovsk, Kharkiv និង Zaporizhzia។

មន្រ្តីអ៊ុយក្រែនបាននិយាយថា សរុបមក ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៨ ដែលភាគច្រើនជាកន្លែងផលិតថាមពល ត្រូវបានវាយប្រហារដោយមីស៊ីល និង យន្ដហោះគ្មានមនុស្សបើកនៅក្នុងតំបន់ចំនួន ១០។

ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ ច័ន្ទ ថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចម្បាំងរបស់រុស្ស៊ីកាលពីចុងសប្ដាហ៍ ប៉ុណ្ណោះ៕

ប្រភព៖ BBC

Share.