មន្រ្តីគ្រោះមហន្ដរាយបាននិយាយនៅថ្ងៃ ព្រហស្បតិ៍ នេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងក្លាមួយដែលបង្កជាទឹកជំនន់ និង ការបាក់ដីនៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥០នាក់ហើយ ខណៈភ្លៀងធ្លាក់កាន់តែខ្លាំង ត្រូវបានគេព្យាករណ៍ថានឹងបន្ដធ្លាក់ នៅក្នុងតំបន់ដែលរងគ្រោះមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

មនុស្សជាង ៣៥៥,៤០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅពេលដែលខ្យល់ព្យុះត្រូពិច Nalgae បានវាយលុកប្រទេសប្រជុំកោះនេះ ចាប់តាំងពីចុងសប្ដាហ៍មុនមក។

ក្នុងចំណោមអ្នកស្លាប់ចំនួន ១៥០នាក់ ដែលត្រូវបានគេកត់ត្រាដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ មាន ៦៣នាក់ នៅក្នុងតំបន់ Bangsamoro នៅលើកោះ Mindanao ភាគខាងត្បូង ជាកន្លែងដែលជំនន់ទឹកភ្លៀង និង ការបាក់ដីបានបំផ្លាញភូមិនានា។

ទីភ្នាក់ងារគ្រោះមហន្ដរាយជាតិបានបន្ដថា យ៉ាងហោចណាស់មនុស្ស ១២៨នាក់ បានរងរបួស និង ៣៦នាក់ កំពុងបាត់ខ្លួននៅទូទាំងប្រទេស ដោយអាជ្ញាធរបានព្រមានថា គ្មានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតឡើយ។

ជាមួយនឹងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃ ព្រហស្បតិ៍នេះ ភ្នាក់ងារគ្រោះមហន្ដរាយក្នុងតំបន់ Bangsamoro កំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការបំផ្លិចបំផ្លាញបន្ថែមទៀត នៅក្នុងតំបន់ក្រីក្រ និង តំបន់ភ្នំ។

ទន្ទឹមនោះ លោក Naguib Sinarimbo ប្រធានការពារជនស៊ីវិលក្នុងតំបន់បាននិយាយថា «ដីក្នុងតំបន់នៅសើម ដូច្នេះការបាក់ដី និង ការហូរច្រោះដី អាចនឹងកើតឡើងបន្ថែមភ្លាមៗ»។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានស្ដីបន្ទោសការកាប់បំផ្លាញព្រៃឈើ និង ការប្រែប្រួលអាកាសធាតុ ចំពោះការបាក់ដីដ៏បំផ្លិចបំផ្លាញនៅ Bangsamoro។ លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានដាំដើមឈើនៅលើភ្នំដែលគ្មានមនុស្សរស់នៅ ដែលនេះគឺជារឿងដែលយើងត្រូវធ្វើ។

លោក Marcos បានប្រកាសស្ថានភាពនៃគ្រោះមហន្ដរាយសម្រាប់រយៈពេល ៦ខែ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបានបញ្ចេញមូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនៅតំបន់រងគ្រោះ។

អ្នកវិទ្យាសាស្រ្តបានព្រមានថា ព្យុះដ៏សាហាវ និង បង្កការបំផ្លិចបំផ្លាញដ៏ធំធេង នៅពេលដែលពិភពលោកាន់តែក្ដៅ ដោយសារតែបម្រែបម្រួលអាកាសធាតុ៕

ប្រភព៖ CNA

Share.