បទ ពាក្យ៧

អាស៊ានពហុសាសន៍ចម្រុះ           សាសនាក៏ខុសតាមរដ្ឋា

គ្រីស្ទានឥស្លាមពុទ្ធសាសនា         ខុងជឺផងណាតាមស្មេរដឹង។

ភាសាដោយឡែកចែកតាមរដ្ឋ       រឿងអភិវឌ្ឍន៍មានធូរតឹង

តែមេដឹកនាំគ្រប់គ្នាប្រឹង              រួមគ្នាសម្លឹងសញ្ជឹងឆ្ងាយ។

ប្រមូលកម្លាំងតាំងធនធាន           បង្កើតអាស៊ានឈានត្រួសត្រាយ

តទប់សត្រូវទាំងជិតឆ្ងាយ            រួមចិត្តរួមកាយអភិវឌ្ឍ។

ចក្ខុវិស័យរួមតែមួយ          ជួបទុក្ខរួមជួយមិនឲ្យភ្លាត់

អត្តសញ្ញាណរួមមុខមាត់    ចងក្រងរាស្ត្ររដ្ឋរួមវាសនា។

ជាសហគមន៍រួមតែមួយ      ប្តេជ្ញារួមស្ទួយស្ទបរក្សា

វប្បធម៌ចម្រុះផុសថ្លៃថ្លា               កេរ្តិ៍អាស៊ានស្តារឲ្យខ្ពស់ស្តែង។

អាស៊ានមាំខ្លាំងតាំងមាត់ប្រៃ         អាចទាមទារថ្លៃដោយឥតក្រែង

លែងលុះលង់លុតតាមគេបែង      ថែមឈានចាត់ចែងជោគវាសនា។

អាស៊ានឈានឈរស្មើមុខមាត់      លូកដៃហាមឃាត់ដល់រដ្ឋណា

ដែលល្មោភបំពានច្បាប់លោកា      ធ្វើបាបរដ្ឋណាដែលខ្សោយខ្សត់។

អាស៊ានអាចខ្លាំងក៏ដោយសារ       គ្រប់គ្នាប្តេជ្ញាយ៉ាងប្រាកដ

ថានៅរួមគ្នាដោយអំណត់            អត់ឃ្លានហ៊ានហត់ដោយហំហាន។

អាស៊ានរួមគ្នាខ្លួនមាំខ្លាំង             ហ៊ានបែកស្លេកស្លាំងដល់ស្លាប់ប្រាណ

អាស៊ានថ្មីចាស់ច្បាស់ក្តាប់បាន      ប្រយ័ត្នគេច្រានឲ្យធ្លាក់ជ្រោះ។

រៀនបទពិសោធផ្តោតផ្តួចផ្តើម      សាងធនឲ្យស្បើមចៀសជម្លោះ

បែកបាក់សាមគ្គីនឹងរង្គោះ           រង្គើខូចឈ្មោះគ្រោះក្រាបក្រិន។

កុំរេរៀងខ្លួនពួនសំងំ                   ប្រយោជន៍ខ្លួនខំខូចក្រុមហិន

ចាប់អាមេរិកគេចស្អប់ចិន            លម្អៀងទុកសិនគ្រានេះម្តង។

អាស៊ីអឺរ៉ុបកាណាដា                   ឥណ្ឌាផងណារិតចំណង

អូសេអានីអាហ្វ្រិកផង                 រួមរឹតចំណងទូតឲ្យមាំ។

រក្សាគោលការណ៍ដែលខ្លួនមាន     បង្កើនធនធានថែមថែទាំ

អាស៊ានត្រូវការភាពដឹកនាំ           មូលមិត្តមាំទាំមិនទន់ទេរ។

អាស៊ានត្រូវខ្លាំងទាំងរាស្ត្ររដ្ឋ        រួមអភិវឌ្ឍឲ្យថ្កើងទ្វេ

ជំនាញទន់រឹងប្រឹងរិះរេ       ដើរឲ្យទាន់គេប្លុកដទៃ។

អាស៊ានត្រូវតែពង្រឹងខ្លួន    ឲ្យខ្លាំងមាំមួនមឹតលកលៃ

បច្ចេកវិទ្យាថ្មីឆ្លាតវៃ           អាស៊ានជាញជ័យត្រូវរួមគ្នា។

អាស៊ានគួររៀនមើលប្រវត្តិ   កាលភ្លេចភ្លាំងភ្លាត់គ្រោះគ្រាំគ្រា

គ្រាប់បែកអង្រួនកម្ពុជា      វៀតណាមជាប់គ្នាត្រូវបំបែក។

ព្រោះតែមនោគមន៍វិជ្ជា      គេបញ្ជល់គ្នាគ្នេរចាប់ហែក

ចាក់រុកម្ខាងៗឲ្យបែកខ្ញែក   អ្នកត្រូវយំស្រែក ប្រជាករ។

គ្រប់រដ្ឋត្រូវរួមរឹតចំណង      គោលការណ៍រួមផងថែបន្ត

វាយសត្រូវរួមគឺភាពក្រ       រឿងល្អក់កករបន្តស្រាយ។

តម្កល់ស្មារតីសហគមន៍      បញ្ហាតូចធំកុំបន្លាយ

បន្លាលើផ្លូវត្រូវរួមត្រាយ      ជម្លោះដោះស្រាយដោយអំណត់។

ប្រយ័ត្នអំណាចជ្រែកពីក្រៅ          គេហួចគេហៅងាកបែរបត់

ចោលគោលការណ៍ស្នូលបានកំណត់       ចៀសបានប្រាកដអាស៊ានថ្កើង។

រាស្ត្ររស់ធំធាត់រដ្ឋរស់ថ្កាន            តំបន់ក្សេមក្សាន្តឈ្មោះខ្ពស់ឡើង

គ្រឹះមជ្ឈភាពលើកតម្កើង             ស្រាក់ដៃគ្នាឡើងលូតទៅមុខ៕

អត្ថបទ៖សំ នឿន

Share.