ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីយប់ថ្ងៃ អង្គារ បាននិយាយថា កងកម្លាំងរបស់លោកនឹងមិនផ្ដល់ ឬ បណ្ដោយឲ្យបាត់បង់ទឹកដីសូម្បី «១សង់ទីម៉ែត្រ» ក្នុងការប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតនោះទេ បន្ទាប់ពីបានទទូចថា ការស្ដារឡើងវិញនូវទឹកដីអ៊ុយក្រែន និង សំណងពីប្រទេសរុស្ស៊ី គឺជា លក្ខខណ្ឌដែលកិច្ចចរចាសន្ដិភាពអាចប្រព្រឹត្តទៅបាននោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nasdaq នាថ្ងៃ ពុធ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

នៅក្នុងវីដេអូរបស់លោក Zelenskiy ក៏បាននិយាយផងដែរថា មនុស្សប្រហែល ៤លាននាក់ គ្មានថាមពលប្រើប្រាស់នៅក្នុងតំបន់ចំនួន ១៤ បូកជាមួយនឹងរដ្ឋធានី Kyiv ដែរ ប៉ុន្ដែនីលើស្ថេរភាពជាជាងការសង្រ្គោះបន្ទាន់។

ការវាយប្រហារដោយមីស៊ីល និង យន្ដហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ខណៈរដូវរងាជិតចូលមកដល់ នៅពេលដែលសីតុណ្ហភាពជាមធ្យមធ្លាក់ចុះជាច្រើនអង្សារក្រោមសូន្យអង្សាសេ និង ទាបបំផុត -២០អង្សាសេ។

ចំណុចស្នូលនៃជម្លោះនៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុង Donetsk គឺនៅជុំវិញទីក្រុង Bakhmut , ទីក្រុង Soledar និងទីក្រុង Avdiivka ដែលជាសមរភូមិប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតនៅក្នុងប្រទេសចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីចុងខែ កុម្ភៈ មក។

លោក Zelenskiy បានបញ្ជាក់ថា «សកម្មភាពរបស់អ្នកដណ្ដើមកាន់កាប់ នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត ហើយមានការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ»។ លោកបន្ថែមថា «ពួកគេកំពុងទទួលលរងការខាតបង់ខ្ពស់មិនធម្មតា។ ប៉ុន្ដែការដាក់បទបញ្ជាដើម្បីឈានទៅមុខនៅលើព្រំដែនរដ្ឋបាលនៃតំបន់ Donetsk គឺនៅដដែល ហើយយើងនឹងមិនព្រមផ្ដល់ទឹកដីរបស់យើងសូម្បីតែ ១សង់ទីម៉ែត្រ ឲ្យទៅរុស្ស៊ីដែរ»។

តំបន់ Donetsk នេះជាតំបន់មួយក្នុងចំណោមទីតាំងទាំង៤ ដែលរុស្ស៊ីបានប្រកាសកាត់បញ្ចូលដោយខុសច្បាប់ កាលពីចុងខែ កញ្ញា ដោយចំណាយពេល ៧ខែ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន។

លោក Zelenskiy បានបន្ថែមទៀតថា «ជាថ្មីម្ដងទៀត ការស្ដារឡើងវិញនូវបូរណភាពទឹកដី ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សំណងសម្រាប់ការខូចខាតទាំងអស់ដែលបង្កឡើងដោយសង្រ្គាម ការដាក់ទណ្ឌកម្មឧក្រិដ្ឋជនសង្រ្គាម និងធានាថារឿងនេះ នឹងមិនកើតឡើងម្ដងទៀតទេ»។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានប្រកាសឧបសម្ព័ន្ធនេះមក លោក Zelenskiy បាននិយាយថា ទីក្រុង Kyiv នឹងមិនចរចាឡើយ ដរាបណា លោក Vladimir Putin នៅជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី។ យ៉ាងណាម៉ិញទីក្រុង មូស្គូ បាននិយាយថា ខ្លួននឹងមិនចរចាលើទឹកដីដែលខ្លួនបានទាមទារនោះទេ៕

ប្រភព៖ Nasdaq

Share.