យ៉ាងហោចណាសមនុស្ស ៦នាក់បានស្លាប់ នៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំដាច់ស្រយាលនៃភាគខាងលិចប្រទេស នេប៉ាល់ កាលពីព្រឹកថ្ងៃ ពុធ នៅជិតកន្លែងដែលនាយករដ្ឋមន្រ្តី Sher Bahadur Deuba កំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

យោងតាមមជ្ឈមណ្ឌលជាតិរញ្ជួយដីបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ២:១២នាទីទាបភ្លឺ ថ្ងៃ ពុធ ទី ០៩ ខែ វិច្ឆិកា (ម៉ោងក្នុងស្រុក) ដោយចំណុចកណ្ដាលរបស់វានៅឧទ្យានជាតិ Khaptad ក្នុងស្រុក Doti ដែលជាតំបន់ងាយរញ្ជួយ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និង បង្កឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមនុស្សដែលកំពុងសម្រាក។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Phanindra Pokharel បានប្រាប់ PTI តាមទូរស័ព្ទថា មនុស្ស ៦នាក់បានស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះ។

លោក Pokharel ថា រដ្ឋាភិបាលបានណែនាំឲ្យរដ្ឋបាលមូលដ្ឋានចុះចែកអំណោយជាបន្ទាន់ និង ផ្ដល់សំណងដល់ជនរងគ្រោះ។ លោកបានបន្ដថា សាច់ញាតិរបស់អ្នកបាត់បង់ជីវិតនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រូពី ស្មើនឹង ២,៤៥២ដុល្លារអាមេរិក។

អាជ្ញាធរបានរាយការណ៍ថា ការរញ្ជួយដីលើកទី១ មានកម្រិត ៥.៧រ៉ិចទ័រ បានកើតឡើងនៅតំបន់ភាគខាងលិចនៃប្រទេស នេប៉ាល់ វេលាម៉ោងប្រហែល ៩យប់ ថ្ងៃ អង្គារ ហើយ ១ម៉ោងក្រោយមកមានការរញ្ជួយដីមួយទៀតបានកើតឡើងក្នុងកម្រិត ៤.១រ៉ិចទ័រ រហូតដល់ព្រឹកថ្ងៃ ពុធ ក៏មានការរញ្ជួយដីលើកទី៣ ដែលសម្លាប់មនុស្សជាច្រើននាក់នៅក្បែរទីក្រុង Delhi-NCR នេះតែម្ដង។

សូមជម្រាបថា កាលពីខែ មេសា ឆ្នាំ ២០១៥ គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានអង្រួនប្រទេសនេប៉ាល់ ដោយសម្លាប់មនុស្សជិត ៩,០០០នាក់ និង ជិត ២២,០០០នាក់ផ្សេងទៀត បានរងរបួស។ វាក៏បានបំផ្លាញផ្ទះសម្បែង និង អគារសិក្សាជាង ៨០០,០០០កន្លែងផងដែរ៕

ប្រភព៖ NDTV

Share.