បន្ទាយមានជ័យ៖ កម្លាំងនគរបាលបានស្ទាក់ឃាត់ ក្រុមក្មេងស្ទាវមួយក្រុម ដែលមានម៉ូតូចំនួន៤គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ បានតុបតែង ខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងប្រែន តែងតែបើកបង្កជាសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់សាធារណ: បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។


បន្ទាប់ពីទទួលបានបទបញ្ជា ទើបនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងបានចុះធ្វើអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នឹងបានស្ទាក់ឃាត់បានម៉ូតូ ក្រុមក្មេងស្ទាវចំនួន៤ គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ បានតុបតែង ខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងប្រែន តែងតែបើកបង្កជាសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមក្មេងស្ទាវទាំងនោះតែងតែ ជិះឲ្យឮសម្លេងរំខាន តាមទីប្រជុំជន ដូចជានៅសួនមានជ័យ ផ្លូវផ្សាររាត្រី ម្តុំភ្លើងស្តុបចាស់ និងខាងលិចស្ពានទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ។


ក្រោយពីធ្វើការអប់រំណែនាំ ដល់ក្មេងទំនើងម្ចាស់ម៉ូតូល្មើសទាំងនោះ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ហើយ បានឲ្យទិញសម្ភារៈគ្រឿងបំលាស់ម៉ូតូ មកប្តូរឲ្យដូចទំរង់ដើមវិញ និងបានប្រគល់អោយឪពុកម្តាយឬអាណាព្យាបាល នាំយកក្មេងៗទាំងនោះទៅអប់រំបន្តនៅផ្ទះ។ បើមិនរាងចាល នឹងមានចំណាត់ការតាមច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.