កម្លាំងយោធាកងពលតូចថ្មើរជើងលេខ51 បានចាប់ឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី ចំនួន45នាក់ ក្នុងនោះមាន ស្រី ចំនួន23នាក់ ខណៈដែលពួកគេបម្រុងលួចឆ្លងដែន ទៅប្រទេសថៃ។ ក្រោយការឃាត់ខ្លួនពួកគេត្រូវបាន បញ្ជូនទៅធ្វើចត្តាឡីស័ក នៅល្ងាចថ្ងៃទី11 ខែមិថុនា  ឆ្នាំ2021 នៅត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចយោធាបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានល្បាត24ម៉ោងលើ24ម៉ោងដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និង ការឆ្លងរាលដាលនៃជំងឺកូវីដ-19 មិ នឲ្យចូល ទៅក្នុងសហគមន៍។

ក្រោយពីការឃាត់ខ្លួនពលរដ្ឋខ្មែរទាំងនោះ  លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ514 ក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះ បញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងបណ្តាលឲ្យខាតបង់ប្រាក់ជាបន្តបន្ទាប់។

ក្រោយពេលណែនាំរួចពលករទាំង45នាក់ ត្រូវបាន បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.