វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) ​នឹង​ប្រកួត​ជា​មួយ​កីឡាការិនី​អាមេរិក ​Kaori Hernandez នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​វិច្ឆិកា​នេះ នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ព្រឹត្តិការណ៍ IBJJF Absolute Grand Prix 2022។

ពោលគឺ១៦ថ្ងៃគត់បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសាជឺជីតស៊ូ (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

​ការប្រកួត​នេះ រៀបចំ​ជាពិសេស​ដោយសហព័ន្ធជឺជីតស៊ូ​ពិភពលោក ពោលគឺជា​គូ​ពិសេស​លំដាប់​ទី​៤​នៃ​កម្មវិធី ដោយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា «Super Fight»។

Khan Jessa vs Kaori Hernandez

​កីឡាការិនី​អាមេរិក Kaori Hernandez ​មាន​បទ​ពិសោធ​ច្រើន និង​ប្រឡូក​ក្នុង​អាជីព​ជឺជីតស៊ូ​​ច្រើន​ឆ្នាំ​ជាង ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នាង​មិន​សូវ​បាន​ចេញ​ប្រកួត​ទេ ហើយ​ក៏​មាន​ចំណាត់​ថ្នាក់​ពិភព​លោក​ទាប​ជាង​កីឡាការិនី​កម្ពុជាផង​ដែរ។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ខកចិត្តនៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕

Share.