«វត្តទាំងឡាយ ព្រះសង្ឃគ្រប់អង្គ មានតួនាទី និងភារកិច្ចជួយបន្តមរតកវប្បធម៌តាំងពីសម័យបុរាណកាលមក នៅពេលរុងរឿង ក៏ដូចជានៅពេលអន់ថយ វត្ត និងព្រះសង្ឃ នៅតែឱ្យតម្លៃខ្ពស់ខាងស្មារតីរបស់មនុស្ស…»។ នេះជាទស្សនាទានរបស់លោកតាព្រឹទ្ធាចារ្យ ឆេង ផុន អតីត​រដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាន និង​ជាអតីតប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ស្រង់ចេញពីសៀវភៅកម្ពុជសុរិយា បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នាពេលបច្ចុប្បន្ន​ គឺជាកូនប្រសាររបស់លោកតាព្រឹទ្ធចារ្យ។ ទោះបីលោកតាព្រឹទ្ធាចារ្យបានធ្វើមរណកាលទៅកាន់លោកខាងមុខក្ដី ប៉ុន្តែមរតកទស្សនៈ និងគតិអប់រំរបស់លោកតាជាច្រើននៅតែត្រូវបានកូនខ្មែរចងចាំ ហើយតែងតែលើកយកមកវែកញែកជាហូរហែដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍សង្គម ទាំងវិជ្ជមានផង និងអវិជ្ជមានផង។

មួយរយៈចុងក្រោយនេះ វត្តអារាមមួយចំនួន បានប្រែធាតុពីកន្លែងថែរក្សាមករតកវប្បធម៌ ទៅជាកន្លែងមានការគំរាមកំហែងដល់មរតកវប្បធម៌ជាតិទៅវិញ។ ព្រះវិហារ កុដិ ចេតិយ ដែលមានអាយុកាលច្រើនជាង១០០ឆ្នាំ ត្រូវបានវាយកម្ទេចចោលក្រោមហេតុផ្សេងៗ រួមទាំងហេតុផលថ្មីចុងក្រោយមួយទៀតដែលមានព្រះសង្ឃថា«ច្រឡំ»វាយចេតិយបុរាណនៅវត្តបុទមវតី។ មានទស្សនៈជំទាស់ជាច្រើនបានផ្ទុះឡើង ហើយហួសចិត្តនឹងហេតុផលដែលថាច្រឡំវាយចេតិយបុរាណនោះ។

សៀវភៅ កម្ពុជសុរិយា លេខ៣ ឆ្នាំ២០២២ បានពិពណ៌នាអំពី តួនាទីវត្តអារាមព្រះពុទ្ធសាសនា ដោយអ្នករៀបរៀង បានលើកយកទស្សនៈលោកតាព្រឹទ្ធាចារ្យមានប្រសសាន៍ថា វត្តជាសារមន្ទីរសិល្បៈ ដ្បិតក្បួនខ្នាត គំនូរ ចម្លាក់ តន្រ្តី ចម្រៀង សំណង់ក្បូរក្បាច់ទាំងឡាយ ត្រូវបានថែរក្សាក្នុងវត្ត សំណង់ទាំងឡាយក្នុងវត្ត ការតុបតែង រៀបចំលម្អ រចនាពណ៌សម្បុរទាំងឡាយនៅក្នុងវត្តច្រើនតែរក្សាបាន តំណាងបានឱ្យអ្វីដែលជាចរិតជាតិ ជាពណ៌សម្បុរជាតិ និងជាអត្តសញ្ញាណជាតិ។

ការលើកឡើងខាងលើនេះ គ្រាន់តែជាការរួមចំណែកពញាក់ស្មារតីឆ្លើយតបទៅនឹងនិន្នាការនៃកំហុសឆ្គងមួយចំនួនដែលកើតមាននៅតាមទីអារាមពាក់ព័ន្ធនឹងការងារអភិរក្សថែរក្សាមរតកវប្បធម៌ជាតិប៉ុណ្ណោះ។ មែនទែនទៅ ព្រះសង្ឃ និងវត្តអារាមបានរួមចំណែកច្រើនឥតគណនា និងជាច្រើនជំនាន់មកហើយក្នុងកិច្ចការពារសម្បត្តិវប្បធម៌ជាតិ និងមរតកតូនតានេះ។ ប៉ុន្តែទោះកំហុសឆ្គងនោះតិចតួចធៀបនឹងសមិទ្ធផល ក៏គ្រប់គ្នាមិនអាចបណ្ដែតបណ្ដោយ ឬសំងំឈរមើលនោះដែរ។

អ្នកស្រាវជ្រាវជាច្រើនខិតខំណាស់ដើម្បីចងក្រងឯកសារពាក់ព័ន្ធនឹងវប្បធម៌ខ្មែរនាសម័យមុនៗ ឱ្យអ្នកជំនាន់នេះ និងទៅអនាគតបានសិក្សាស្រាវជ្រាវ ក្នុងនោះក៏មានប្រវត្តិកសាងព្រះវិហារ កុដិ ចេតិយ ពីជំនាន់មួយទៅជំនាន់មួយដែរ។ មានឯកសារខ្លះយោងតែលើការលើកឡើងពីចាស់ទុំ ឬឯកសារអ្នកជំនាន់មុនបានបញ្ជាក់តៗមកប៉ុណ្ណោះ គឺគ្មានភស្តុតាងបង្ហាញជាក់ស្ដែងទេ។ តើមានប៉ុន្មានវត្តនៅស្រុកខ្មែរ ដែលមានចេតិយបុរាណ និងសាង់តាមក្បួនខ្នាតដូចចេតិយដែលត្រូវបានវាយកម្ទេចនៅវត្តបុទមវតី?

ចុះហេតុម្ដេចបានជាសំណង់បុរាណៗដែលគួរត្រូវបានរក្សាទុកឱ្យអ្នកជំនាន់ក្រោយឃើញ និងសិក្សារៀនសូត្រ មិនត្រូវបានគេរក្សា? ហេតុអ្វីបានជាព្រះសង្ឃ និងវត្តអារាម ដែលមានតួនាទី និងភារកិច្ចចូលរួមការពារ និងអភិរក្សមរតកដូនតា បែរទៅជាជ្រុលខ្លួនប្រែធាតុដើមក្លាយជាកន្លែងមានហានិភ័យសម្រាប់មរតកដូនតាទៅវិញ? បើសូម្បីតែវត្តអារាម និងព្រះសង្ឃ មិនស្រលាញ់ មិនថែរក្សាផង តើឱ្យមរតកទាំងនោះទៅជ្រកនៅឯណាទៀត…?

រឿងដែលគួរអន់ចិត្តបំផុតនោះ សូម្បីតែទីអារាមដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំសង្ឃ ក៏កើតមានករណីវាយកុដិ វាយចេតិយបុរាណ ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានត្រឹមតែសម្ដែងការសោកស្ដាយម្ដងហើយម្ដងទៀត។ អនុសំវច្ឆរមហាសន្និបាតសង្ឃថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំសង្ឃគណៈមហានិកាយ និងធម្មយុត្តិកនិកាយ ក៏មិនបានបង្ហាញកំណត់សម្គាល់សោះដែរ អំពីបញ្ហាវាយកុដិ ព្រះវិហារ និងចតិយបុរាណតាមវត្តអារាម…។

នេះជាទស្សនៈរបស់ខ្ញុំតែប៉ុណ្ណោះ ចុះអ្នកវិញ?

ដោយនត្ថារ៉ា នៅភ្នំពេញ

Share.