ភ្នំពេញ ៖ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមួយគ្រឿង ខណៈដែលកំពុងដឹកបញ្ជូនអ្នកជំងឺអស់សង្ឃឹម វិលទៅស្រុកកំណើត តាមការសំណូមពរពីក្រុមគ្រួសារ ហើយរថយន្តកំពុងតែប្រតិបត្តិការ មានទាំងបើកភ្លើងជាសញ្ញា ផងនោះ ស្រាប់តែមានស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ដើរឆ្លងផ្លូវកាត់ពីមុខ ហ្វ្រាំងមិនទាន់ជ្រុលបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តរបស់មន្ទីរពេទ្យកាល់ម៉ែត មួយគ្រឿង បានដឹកអ្នកជំងឺអស់សង្ឃឹម ម្នាក់ វិលទៅស្រុកកំណើតមឭនៅឯខេត្តកំពង់ឆ្នាំង ថ្វីត្បិតអ្នកជំងឺជាជនអស់សង្ឃឹមពិតមែន តែនៅមានជីវិតនៅឡើយ រថយន្តសង្គ្រោះ ក្នុងពេលប្រតិបត្តិចាត់បញ្ជូន ក៏បានបើកភ្លើងសញ្ញា បំពងសម្លេង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានស្ត្រីខ្មែរឥស្លាមម្នាក់ដើរថ្មើរជើងឆ្លងផ្លូវកាត់ពីមុខ ធ្វើឲ្យវ៉ាក់អើ ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹង ។

ភ្លាមៗរថយន្តត្រូវបានឈប់ ក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ សង្គ្រោះបឋម ជាអកុសល ជនរងគ្រោះបានស្លាប់បាត់ជីវិតទៅហើយ ។សាកសពជនរងគ្រោះមានឈ្មោះ អូស្មាន អាសុីរ៉ូស ជនជាតិខ្មែរឥស្លាម ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅ ក្បែរកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ខាងអ្នកជំងឺដែលចាត់បញ្ជូនទៅខេត្តកំពង់ឆ្នាំង ត្រូវបានខាងមន្ទីរពេទ្យកាល់ម៉ែតយករថយន្តមួយគ្រឿងផ្សេងទៀត ដើម្បីប្រតិបត្តិការបន្ត ។ ចំណែករថយន្តដែលជួបបញ្ហា យកទៅសំចតទុករងចាំដោះស្រាយនៅប៉ុស្តិ៍ច្រាំងចំរេះ២ ជាមួយភាគីរងគ្រោះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.