ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបជាមួយមេដឹកនាំវៀតណាមនៅថ្ងៃពុធ សប្ដាហ៍នេះ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងហាណូយ អំឡុងកិច្ចព្រមព្រៀងចំណងទ្វេភាគគីរាប់សិបចំណុចត្រូវបានប្រកាស រួមទាំងលើទំនាក់ទំនងការទូត សន្ដិសុខ គម្រោងផ្លូវដែក ទូរគមនាគមន៍ និងទិន្នន័យឌីជីថលជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៦ឆ្នាំ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសវៀតណាម កាលពីខែកញ្ញា ក្នុងសញ្ញានៃការកើនឡើងសារៈសំខាន់នៃមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍ ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំង២។
យោងតាមតារាងកាលវិភាគរបស់ក្រសួងការបរទេសវៀតណាម នៅថ្ងៃពុធ សប្ដាហ៍នេះ លោក ស៊ី នឹងទៅគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ មេដឹកនាំស្ថាបនិកកុម្មុយនិស្តវៀតណាម បន្ទាប់មក លោកនឹងជួបជាមួយប្រធានសភាវៀតណាម លោក Vuong Dinh Hue , នាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋ Vo Van Thuong។
នាថ្ងៃ នេះដែរ សេចក្តីថ្លែងការណ៍រួមចិន-វៀតណាម ស្តីពីទំនាក់ទំនងការទូត ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនសរុបចំនួន៣៧ ផងដែរ។
ស្របពេលដែលចិន និងសហរដ្ឋអាមេរិក កំពុងព្យាយាមប្រជែងឥទ្ធិពលនៅវៀតណាម ការចុះកិច្ចព្រមព្រៀងជាច្រើនខាងលើ បង្ហាញពីភាពជោគជ័យមួយ នៃការទូតរបស់ប្រទេសអាស៊ានមួយនេះ ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា ការប្រកាសពង្រឹងទំនាក់ទំនងនោះ អាចត្រឹមតែជានិមិត្តរូបប៉ុណ្ណោះ។
ជាច្រើនខែមកនេះ ទីក្រុងប៉េកាំង បានព្យាយាមជាខ្លាំងដើម្បីជំរុញឱ្យមានការដំឡើងទំនាក់ទំនង ជាពិសេសបន្ទាប់ពីវៀតណាម បានដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្មើប្រទេសចិន។
សូមជម្រាបថា ការបំពេញទស្សនកិច្ចរបស់លោក ស៉ី ជីនពីង មកកាន់ប្រទេសវៀតណាម ដែលជាទស្សនកិច្ចក្រៅប្រទេសលើកទី៤ របស់លោកនៅក្នុងឆ្នាំនេះ បន្ទាប់ពីរុស្ស៉ី អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារៈសំខាន់ដែលរូបលោក ផ្តល់លើប្រទេសវៀតណាម៕