«Cambodia Day» គឺពាក្យដែលគេប្រើនៅក្នុងប្រកួតរវាងក្រុមម្ចាស់ផ្ទះ Shimizu S-Pulse នឹងបើកទ្វាកីឡដ្ឋាន IAI Stadium Nihondaira ក្នុងទីក្រុងShizuoka របស់ខ្លួនYokohama FC នៅល្ងាចថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ ប្រចាំសប្ដាហ៍ទី២៣ នៃពានរង្វាន់លីគកំពូលជប៉ុន (J1-League)។ ជាលទ្ធផលក្រុមទាំង២ស្មើគ្នា ២ទល់២។
ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព ប្រចាំប្រទេសជប៉ុន បានចូលរួមជាអធិបតីនៅក្នុងការប្រកួតនេះដែរ។ បើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ស្ថានទូតបញ្ជាក់ថាថ្ងៃទី៩ខែសីហាឆ្នាំ ២០២១ គឺជាថ្ងៃដ៏វិសេស វិសាល នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា ជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day។
ក្រុមការងារស្ថានទូតកម្ពុជា បានចូលរួមពិធីបើកការប្រកួត ហើយឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ឯកឧត្ដមIMAMURA Masahiro សមាជិក សភានិងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញក្នុងពិធីនេះដែរ។
ប្រភពបញ្ជាក់ថាទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុន ជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជា អោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា៕