នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ថ្លែងទៅកាន់អ្នកសារព័ត៌មានថា វិស័យធុរកិច្ចខ្នាតតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះជារួមមាន បញ្ហាខ្វះចំណេះដឹងផ្នែកសហគ្រិនភាព និងបទពិសោធន៍ ការរៀបចំអត្តចរិតជាសហគ្រិនមិនបានល្អ ខ្វះអ្នកជំនាញបច្ចេកទេស ខ្វះដើមទុន ការប្រើដើមទុន និងហិរញ្ញវត្ថុមិនបានត្រឹមត្រូវ ថ្លៃដើមនៃការផលិតខ្ពស់ បរិយាកាសមិនសូវជាអំណោយផល ព្រមទាំងបញ្ហារួមផ្សំផ្សេងៗទៀត។
ក្នុងនេះឧកញ៉ា តែ តាំងប៉ សង្កត់ធ្ងន់លើបញ្ហាចំណេះដឹង បទពិសោធន៍ និងអត្តចរិតជាសហគ្រិន ដែលវាជះឥទ្ធិពលខ្លាំងដល់មុខជំនួញទាំងមូលតែម្ដង។ ឧកញ៉ាថា តាមរយៈសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមកម្ពុជាលោកបានបង្កើតឲ្យមានសិក្ខាសាលានៅតាមបណ្ដាខេត្តក្រុងនានាដើម្បីបំប៉នបន្ថែមដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នូវចំណេះដឹង និងជំនាញគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដោយមិនគិតថ្លៃ។ តាមរយៈសិក្ខាសាលាកន្លងមកលោកសង្កេតឃើញថា ម្ចាស់អាជីវកម្មភាគច្រើន សុទ្ធតែខ្វះចំណេះដឹងសហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម។ ឧកញ៉ា តែ តាំងប៉៖ « ការរៀបចំបំពេញបែបបទដើម្បីទទួលបានកម្ចីឥណទាន សម្រាប់អាជីវកម្មរបស់ខ្លួន និងប្រើប្រាស់ប្រើប្រាស់ថវិកា ដែលបានពីកម្ចីទាំងនោះ មិនមានប្រសិទ្ធភាព និងលទ្ធផលឡើយ ដែលបញ្ហានេះ វានាំឲ្យពួកគេជំពាក់បំណុលវ័ណ្ឌ-ក។ ហើយមីក្រូហិរញ្ញវត្ថុដែលផ្ដល់កម្ចីសម្រាប់អាជីវកម្មមួយចំនួនក៏ពុំមានតម្លាភាពដែរ គ្មានតម្លាភាពព្រោះថា មិនពិនិត្យ និងតាមដានលើការប្រើប្រាស់កម្ចី ខណៈដែលម្ចាស់អាជីវកម្មខ្លះខ្ចីយកទៅបើក ឬពង្រីក ឬក៏រក្សាដំណើរការអាជីវកម្ម តែបែរយកទៅប្រើប្រាស់ខុសគោលដៅទៅវិញ »។
ឧកញ៉ា តែ តាំងប៉ ជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមកម្ពុជា។
ជាមួយគ្នាលោកបណ្ឌិត គី សិរីវឌ្ឍន៍ ក្នុងនាមជាអ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងថា វិស័យធុរកិច្ចខ្នាតតូច និងមធ្យមនៅកម្ពុជានៅក្មេងខ្ចីនៅឡើង គឺឋិតនៅដំណាក់កាលចាប់ផ្ដើម ដូច្នេះមានបញ្ហាជាច្រើនកំពុងប្រឈម និងត្រូវដោះស្រាយជាបន្តបន្ទាប់។ លោកបណ្ឌិតយល់ស្របតាមទស្សនៈរបស់ឧកញ៉ា តែ តាំងប៉ដែរ ដែលថា មុនដំបូងបង្អស់គឺធ្វើម៉េចត្រូវរៀបចំអត្តចរិតរបស់ម្ចាស់អាជីវកម្មខ្មែរ ឲ្យស្របតាមការរកស៊ីបែបធុរកិច្ច ដោយចាប់ផ្ដើមពីការរៀនសូត្រ បំពាក់បំប៉ន និងអនុវត្តតាមទម្រង់ត្រឹមត្រូវជាជំហានៗ ជៀសវាងហានិភ័យដែលអាចកើតមានឡើង។ ទន្ទឹមនឹងនេះដែរ លោកថា រដ្ឋាភិបាល ធនាគារហិរញ្ញវត្ថុ វិនិយោគិន និងវិស័យពាក់ព័ន្ធត្រូវបង្កបរិយាកាសល្អដល់អ្នកដែលចាប់ផ្ដើមធ្វើអាជីវកម្ម និងមានគម្រោងពង្រីកអាជីវកម្ម ដើម្បីធ្វើយ៉ាងណាឲ្យវិស័យធុរកិច្ចខ្នាតតូច និងមធ្យមរីកធំធាត់ឡើង និងបង្កើនផលិតផលនៅក្នុងស្រុកឲ្យបានច្រើនប្រកបដោយគុណភាព និងអាចប្រកួតប្រជែងជាអន្តរជាតិបាន។
អត្ថបទ៖ ឈិន ធារ៉ាត់